អភិបាលខេត្តកំពង់ចាម ជំរុញដល់អភិបាលស្រុកកងមាស ទើប ចូលកាន់មុខ តំណែង ត្រូវខិតខំអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់អភិបាលស្រុកកងមាសត្រូវខិតខំអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការបង្ខិតសេវាឲ្យ នៅជិតកៀកនឹងប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។
ការថ្លែងបែបនេះ របស់ ឯកឧត្ដម ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជា អភិបាលនៃគណៈ អភិបាលស្រុកកងមាស ដែលបានធ្វើឡើង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាស្រុកកងមាស។ឯកឧត្តម បញ្ជាក់ថា ការផ្លាស់ប្ដូរ និង ការ តែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាលស្របទៅតាម ច្បាប់របស់ក្រុមប្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុង ស្រុក ពោលគឺ មិនមែន ដោយសារ បញ្ហាប្រឈម ដែលត្រូវផ្លាស់ប្ដូរនោះទេ គឺ ដល់អាយុ កាលត្រូវចូលនិវត្តន៍។ ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងថា អភិបាលស្រុក ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យ កាន់តែល្អប្រសើរ និងខិតខំដោះស្រាយរាល់សំណូមពររបស់ បងប្អូន ប្រជាពលរដ្ឋ ជាពិសេស ត្រូវ យកចិត្តទុកដាក់អនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាងនេះទៅទៀតការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ដេីម្បីស្របទៅតាមការកែទម្រង់ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះគឺ លោក ភោគ សាវុធ ពីអភិបាលរងស្រុក ត្រូវបានប្រកាសតែងតាំងជា អភិបាលនៃគណៈ អភិបាល ស្រុក កងមាស ជំនួស លោក មឿន ផា ដែលត្រូវចូលនិវត្តន៍ ។