អភិបាលខេត្តប៉ៃលិនជំរុញការស្ថាបនាផ្លូវអ៊ុតបេទីមីន័រក្នុងតំបន់រដ្ឋបាលខេត្តឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ


អភិបាលខេត្តប៉ៃលិនជំរុញឱ្យមន្ត្រីជំនាញពន្លឿនការស្ថាបនាផ្លូវអ៊ុតបេទីមីន័រក្នុងតំបន់រដ្ឋបាលខេត្តឱ្យបានរួចរាល់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរកំសាន្ត និងធ្វើបុណ្យក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ។

ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលការដ្ឋាន ស្ថាបនាផ្លូវ ដោយអ៊ុតកៅស៊ូបេទីមីន័រ (AC) នៅក្នុងតំបន់រដ្ឋបាលខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រី និងក្រុមហ៊ុនដែលទទួលស្ថាបនាផ្លូវក្នុងតំបន់រដ្ឋបាលខេត្តនេះ ត្រូវយកចិត្តទុកដាក់ធ្វើឱ្យបានលឿន តាមស្តង់ដាបច្ចេកទេស និប្រកបដោយ​គុណភាពខ្ពស់ ស្របតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ត្រូវផ្តល់នូវកិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ដើម្បីឱ្យដំណើរការស្ថាបនាផ្លូវនេះ បានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវក្នុងតំបន់រដ្ឋបាលខេត្តប៉ៃលិន ដែលគ្រោងអ៊ុតកៅស៊ូបេទីមីន័រ (AC) នេះ មានប្រវែង ៨៧៨ម៉ែត្រ ស្មើនឹង ៩៣៣០ម៉ែត្រការ៉េ ដាក់លូមូលអង្កត់ផ្ចិត ០,៨ម៉ែត្រ សងខាងផ្លូវ ប្រវែង ២៧៥៦ម៉ែត្រ និងរៀបថ្មម៉ាប ចំនួន ៦៦២០ម៉ែត្រការ៉េ ដោយគ្រោងស្ថាបនាឱ្យបានរួចរាល់មុនសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ៕