ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជន


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅក្នុងទីក្រុង ឱ្យប្រកបដោយប្រសិទ្ធភាព និងមានផាសុខភាព ចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាកថ្លែងដូចនេះនាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្ដីអំពីលក្ខណៈវិនិច្ឆ័យនៃការប៉ាន់ស្មាន វាយតម្លៃសម្រាប់ការដេញថ្លៃជាកញ្ចប់ នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីក្រុងបម្រើ ឱ្យមធ្យោបាយសាធារណៈ ដែលសមស្របសម្រាប់រាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក ឯកអគ្គរាជទូតចក្រភពអង់គ្លេស មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកជំនាញការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការបញ្ចប់គម្រោងសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងគម្រោងសិក្សា Monorail ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះផងដែរ។

ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីតម្រូវការចាំបាច់ របស់រដ្ឋាភិបាលក្នុងការរៀបចំធ្វើផែនការ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព និងផាសុកភាព ដោយមានការចូលរួមពីវិស័យឯកជន ផ្អែកលើគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន(PPP) ឬកសាងប្រតិបត្តិ ផ្ទេរ (BOT) ដើម្បីគាំទ្រដល់តម្រូវការមធ្យោបាយ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញនិងលើកទឹកចិត្តឱ្យអង្គសិក្ខាកាមទាំងអស់ សួរដេញដោលក្រុមជំនាញការ ឱ្យបានផុលផុសទាក់ទងនឹងគម្រោងសិក្សាទាំងពីរនេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតអង់គ្លេស ក្រុមអ្នកជំនាញការ ក៏ដូចជាវាគ្មិនទាំងអស់ ដែលបានចែករំលែកនូវបទពិសោធន៍ និងការអនុវត្តជាក់ស្តែងល្អៗដល់សិក្ខាកាមផងដែរ៕