ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព និងផាសុកភាពចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជន


ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីអំពីលក្ខណៈវិនិច្ឆ័យនៃការប៉ាន់ស្មានវាយតម្លៃសម្រាប់ការដេញថ្លៃជាកញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទីក្រុងបម្រើឱ្យមធ្យោបាយសាធារណៈ ដែលសមស្របសម្រាប់រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស មន្ត្រីជាន់ខ្ពស់ក្រសួង អ្នកជំនាញការ និងភាគីពាក់ព័ន្ធផងដែរ។

ថ្លែងក្នុងសន្ទរកថាបើក ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការបញ្ចប់គម្រោងសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងគម្រោងសិក្សា Monorail ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតម្រូវការចាំបាច់របស់រដ្ឋាភិបាលក្នុងការរៀបចំ ឬធ្វើផែនការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងផាសុកភាព ដោយមានការចូលរួមពីវិស័យឯកជន ផ្អែកលើគោលការណ៍ភាពជាដៃគូរដ្ឋនិងឯកជន(PPP) ឬកសាង ប្រតិបត្តិ ផ្ទេរ (BOT) ដើម្បីគាំទ្រដល់តម្រូវការមធ្យោបាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជ រដ្ឋធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គសិក្ខាកាមទាំងអស់សួរដេញដោលក្រុមជំនាញការឱ្យបានផុលផុសទាក់ទងនឹងគម្រោងសិក្សាទាំងពីរនេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតអង់គ្លេស ក្រុមអ្នកជំនាញការ ក៏ដូចជាវាគ្មិនទាំងអស់ ដែលបានចែករំលែកនូវបទពិសោធន៍ និងការអនុវត្តជាក់ស្តែងល្អៗដល់សិក្ខាកាមនៅថ្ងៃនេះ៕