ឯកឧត្តម សុខ ឥសាន៖ ក្នុងឋានៈជាប្រទេសក្រីក្រ សូមអំពាវនាវដល់ លោកប្រធានាធិបតី ដូណាល់ត្រាំ លុបចោលបំណុលដែលកម្ពុជាជំពាក់ តាំងពីសម័យ លន់ ណុល


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា បំណុលនេះមានតាំងពីឆ្នាំ ១៩៧០ ដល់១៩៧៥ ដែលរដ្ឋាភិបាល របបសាធារណរដ្ឋ របស់លោកសេនាប្រមុខ លន់ ណុល បានខ្ចីយកមកទិញអាវុធយុទ្ធភ័ណ្ឌបរិក្ខាសឹកមកធ្វើសង្គ្រាមនៅកម្ពុជា ក្នងនេះមានតម្លៃគ្រាប់បែកចំនួន ២លាន៥សែនតោន ដែលបានទំលាក់ពីលើយន្តហោះសម្លាប់ប្រជាជនកម្ពុជា អស់រាប់សែននាក់ ផងដែរ ។

ឯកឧត្តម បានបន្តថា យោងតាមច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលបច្ចុប្បន្នមានភារកិច្ចត្រូវសងទៅសហរដ្ឋអាមេរិកវិញ។ បន្ទាប់ពី លោក ដូណាល់ ត្រាំ បានចូលកាន់ដំណែងជា ប្រធានាធិបតី សហរដ្ឋអាមេរិកមក មានមតិជាច្រើនចង់ឲ្យ សហរដ្ឋអាមេរិកលប់ចោលបំណុលនេះ កុំឲ្យនៅរាំរៃ យូរតទៅទៀត ។

ឯកឧត្តម បានបន្តទៀតថា ប្រជាជនកម្ពុជា ទូទាំងប្រទេស ក៏មានសំណូមពរ ចង់ឲ្យរដ្ឋាភិបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ លុបចោលបំណុលនេះចោលដែរ ។ ការលប់ចោលបំណុលនេះ គឺជាសីលធម៌នយោបាយមួយ របស់ សហរដ្ឋអាមេរិក ដើម្បីលុបបំបាត់ចោលនូវការឈឺចាប់របស់ប្រជាជនកម្ពុជាដែធ្លាប់បានទទួលរងនូវវិនាសកម្មសង្គ្រាមកន្លងទៅ។ បើសិនជា សហរដ្ឋអាមេរិក នៅរក្សាបំណុលនេះ និងទាមទារឲ្យកម្ពុជាសងនោះ វាកាន់តែធ្វើឲ្យឈឺចាប់កាន់តែថែមទៀតដល់ប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន ។ ដូច្នេះ បើ សហរដ្ឋអាមេរិក មានហេតុផលណាមួយមិនលុបបំណុលនេះទេ សហរដ្ឋអាមេរិក គួរពិនិត្យលទ្ធភាព ប្រែក្លាយបំណុលនេះឲ្យទៅជាជំនួយ ជួយកសាងប្រទេសកម្ពុជាទ្បើងវិញ ក៏ជាការសមស្របម៉្យាងដែរ ដើម្បីប្រជាជនកម្ពុជាបានស្ងប់អារម្មណ៏ ។ ក្នុងឋានៈ ជាប្រទេសនៅក្រីក្រ ទន់ខ្សោយ មានតែសូមអំពាវនាវដល់ លោកប្រធានាធិបតី ត្រាំ ដែលជាមហាសេដ្ឋីពិភពលោកជួយយិតយោងប្រទេសក្រីក្រដូចយ៉ាងប្រទេសកម្ពុជា ជាដើមនេះផង ។ សូមជូនពរ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកបដោយសុខភាពល្អ និងសំរេចបានជោគជ័យ ក្នុងគ្រប់ភារកិច្ច ដែលប្រជាជនស រ អា ប្រគល់ជូន ។ ជយោ លោកដូណាល់ ត្រាំ !