ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវត្តស្រះកែវមុន្នីវណ្ណ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ មានរៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅក្នុងបរិវេណ “វត្តស្រះកែវមុន្នីវណ្ណ” (ហៅវត្តលើ) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទ្ទ ក្នុងក្រុងស្ទឹងត្រែង។

«បុណ្យមាឃបូជា» គឺជាពិធីបុណ្យមួយដែល ពុទ្ធសាសនិកជនគ្រប់ប្រទេស អ្នកកាន់ព្រះពុទ្ធសាសនា តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលខកខាន។ ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុចដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។ ខ្លឹមសារសង្ខេបនៃឱវាទ បាតិមោក្ខនោះមាន ៣គាថាគឺ៖ គាថាទី១ ទ្រង់សម្តែងថា៖ កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
គាថាទី២ ទ្រង់សម្តែងថា៖ អំណត់គឺសេចក្តីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
គាថាទី៣ ទ្រង់សម្តែងថា៖ កិរិយាមិនតិះដៀលអ្នកដទៃ១ កិរិយាមិនបៀតបៀនអ្នកដទៃ១ កិរិយាសង្រួមក្នុងព្រះបាតិមោក្ខ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ១ ទីដេក និងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត១ ទាំងនេះជាពាក្យប្រដៅនៃព្រះពុទ្ធទាំងឡាយ៕