ការចុះពិនិត្យការហេដ្ឋារចនាសម្ព័ន្ធ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ និងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង


នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យវឌ្ឍនភាព និងការជំរុញការស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ ប្រវែង ១៨.៦១៣ម៉ែត្រ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន) តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកសៀមបូក។ ទន្ទឹមនឹងនោះដែរឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យការជួសជុលផ្លូវ ១ខ្សែទៀត ប្រវែង២៨គីឡូម៉ែត្រ ចាប់ពីភូមិកាំងចាម រហូតដល់ភូមិកេស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទើបសាងសង់រួច នឹងកំពុងបន្តសាងសង់បន្តផងដែរ៕