ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរយោធភូមិភាគទី៥ ដែលយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់


ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៥ នៅទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា រយៈពេលកន្លងទៅនេះ យោធភូមិភាគទី៥ បានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការធានានូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែកក្នុងការអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា៖ សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ ហើយក៏អាចនិយាយបានថា ជាផ្លែផ្កានៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ដែលថ្នាក់ដឹកនាំ និងយោធិនទូទាំងយោធភូមិភាគទី៥ បានខិតខំរួបរួមគ្នាសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំងយោធភូមិភាគទី៥ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍ទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត។

មេបញ្ជាការកងទ័ពជើងគោក បានគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕