អភិបាលខេត្តសៀមរាប៖ អាជ្ញាធរបាននិងកំពុងជំរុញការកែលំអរសោភ័ណ្ឌភាពក្រុង ឱ្យបានកាន់តែល្អប្រសើរ តាមរយៈការស្ដារ កសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសន្តិសុខ សុវត្តិភាព ជូនភ្ញៀវទេសចរ


(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងកិច្ចប្រជុំ «ការងារទេសចរណ៍ ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍» នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ថា អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងជំរុញ និងយកចិត្តទុកដាក់លើការកែលំអរសោភ័ណ្ឌភាពក្រុង ឲ្យបានកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធបំភ្លឺសាធារណៈ ការងារពង្រឹសន្តិសុខ សុវត្តិភាព ជូនភ្ញៀវទេសចរ ការងារសណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមបានបន្ថែមថា ស្របតាមយុទ្ធនាការចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋាកិច្ចល្អ» ពិសេសផ្តោតសំខាន់ទៅលើយុទ្ធសាស្រ្ត របស់ក្រសួងទេសចរណ៍ ជំរុញការបង្កើតឲ្យមាននូវផលិតផលថ្មី ប្រកបដោយការច្នៃប្រឌិតស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដោយកំណត់ឲ្យបាននូវគោលដៅ ជាយុទ្ធសាស្រ្តសម្រាប់ជំរុញ និងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍សៀមរាប-អង្គរ ដោយគិតគូរទៅលើការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ មានគុណភាពស្របតាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ» ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺស្ថិតក្នុងអធិបតីភាពរបស់លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទី ក្រសួងទេសចរណ៍ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាមួយវត្តមានចូលរួមពី លោក កុយ សង ក្រុមប្រឹក្សាខេត្ត លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា និងប្រតិបត្តិករទេសចរណ៍ វិស័យឯកជន តំណាងមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធប្រមាណជា ១៥០នាក់ នៅសាលប្រជុំខេត្តសៀមរាប។

លោកអភិបាលក៏បានបន្ថែមថា នៅដើមឆ្នាំ២០២០នេះ នៅទូទាំងពិភពលោក ពិសេសគឺប្រទេសចិនបានកំពុងជួបនឹងបញ្ហាប្រឈមរួមមួយ គឺជំងឺរលាកសួតប្រភេទថ្មី ដែលបង្កដោយវិរុសកូរ៉ូណា (2019-nCoV) ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន ខេត្តហើបេ នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ជំងឺនេះបានឆ្លងរីករាលដាលលឿនគួរឱ្យព្រួយបារម្ភ ដែលបានធ្វើឲ្យរដ្ឋាភិបាលចិនសម្រេចបិទចរាចរចេញ ចូលទីក្រុងវូហានទាំងស្រុង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

ទន្ទឹមនឹងនោះ ជើងហោះហើរពីប្រទេសនានា លើសកលលោកទៅប្រទេសចិន ត្រូវបានរឹតបណ្តឹង ការសម្រេចចិត្តនេះបានជះផលប៉ះពាល់ជាអវិជ្ជមាន ជាច្រើនដល់ចលនាសេដ្ឋកិច្ច ហើយក្នុងនោះក៏ប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។ ឆ្លើយតបនឹងបញ្ហាជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋបាលខេត្តបានរៀបចំ ឲ្យមានក្រុមការងារច័ត្តឡីស័កប្រចាំការ ជាប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីធ្វើការត្រួតពិនិត្យបញ្ហាជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ ពីសំណាក់ភ្ញៀវទេសចរ ដែលធ្វើដំណើរមកទស្សនាខេត្តសៀមរាប តាមច្រកអាកាសយដ្ឋានអន្តរជាតិសៀមរាប ក្នុងគោលបំណងធ្វើឲ្យខេត្តសៀមរាប នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕