អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការស្ថាបនាផ្លូវវាងមុខព្រះលានជល់ដំរី នៅដើមខែកុម្ភៈនេះ


(សៀមរាប)៖ គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មីនៅលើគន្លងផ្លូវដីក្រហមចាស់ ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែលមានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួសការប្រើប្រាស់ផ្លូវកៅស៊ូ បច្ចុប្បន្នមុខព្រះលានជល់ដំរី នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយប្រើរយៈពេល៥ខែ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការធ្វើផ្លូវវាងនេះគឺដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើរចនាសម្ពន្ធនៃព្រះលានជល់ដំរី ដោយសាររំញ័រពីការបើកបររថយន្ត និងផ្សែងពុលពីយានយន្តគ្រប់ប្រភេទ ពិសេសដើម្បីរក្សាសុវត្ថិភាពរបស់ភ្ញៀវទេសចរ ពេលដើរឆ្លងកាត់ទៅទស្សនាប្រាសាទជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ព្រោះផ្លូវកៅស៊ូចាស់នេះនៅជាប់នឹង ព្រះលានជល់ដំរីខ្លាំងពេក។

ឯកឧត្តមបន្ថែមថា ការស្ថាបនាផ្លូវថ្មីនេះមានប្រវែងសរុប ១៤២៧ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពណ៌ក្រហមចាស់ ដែលផ្តើមចេញពីផ្លូវកែងជ្រុងខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន្ត ឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដោយបត់ឆ្វេងមុនទៅដល់ប្រាសាទព្រះពិធូរ ភ្ជាប់ទៅនឹងផ្លូវកៅស៊ូចាស់ មុខវត្តទេពប្រណម្យ។

ក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរានឹងផ្អាកការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នទាំងស្រុង ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើដើម្បីឱ្យមានទេសភាព និងបរិស្ថានល្អស្អាតនៅមុខព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល៕