សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អាណាព្យាបាលនិស្សិតខ្មែរ ដែលមានកូនកំពុងសិក្សានៅទីក្រុងវូហាន កុំមានការព្រួយបារម្ភ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានស្នើដល់អាណាព្យាបាលនិស្សិតខ្មែរ ដែលមានកូន កំពុងសិក្សា នៅប្រទេសចិន ជាពិសេស ក្នុងទីក្រុងវូហាន សូមកុំមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់កូន ព្រោះថា រដ្ឋាភិបាលចិន យកចិត្ដទុកដាក់ខ្ពស់ ជាមួយនិស្សិតបរទេស ដែលរៀននៅទីនោះ រាប់ទាំងនិស្សិតកម្ពុជាផងដែរ។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ ជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងចូលរួមចែករំលែក នូវការលំបាកជាមួយប្រជាជនចិន តាមរយៈនៃសកម្មភាព ដែលយើងមិនរើសអើង ដែលយើងមិនភ័យខ្លាច ហើយយើងសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ដែលមានកូនចៅ ដែលកំពុងសិក្សានៅប្រទេសចិន មិនមានការតក់ស្លុតនោះទេ»

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់និស្សិតនៅវូហាន ដែលបារម្ភពីសុវត្ថិភាពសុខភាពរបស់សម្តេច និងស្នើមិនឲ្យសម្តេចធ្វើដំណើរ ទៅកាន់ទីក្រុងវូហាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្មួយបានសំណូមពរមកពូថា កុំមកតំបន់វូហាន ព្រោះពេលនឹងនិស្សិតយើង នៅតំបន់វូហាន បានផ្ញើសារជារូបភាព និងសម្លេងថា សូមសម្ដេចពុក កុំធ្វើដំណើរទៅវូហាន បើទៅពួកខ្ញុំចេញមកជួប គេនឹងដាក់ពូកគាត់ នៅដាច់ដោយឡែក»

សម្ដេចតេជោ បានឲ្យដឹងថា បើសិនជាសម្ដេចទៅពេលនោះ គឺម្ខាងបង្កើតនូ វការលំបាក សម្រាប់អ្នកដែលកំពុងប្រតិបត្ដិការនៅទីនោះ ត្រូវរកការការពារ និងមួយផ្នែកទៀត បង្កការលំបាក ទៅដល់និស្សិតទាំង២៣នាក់ ដែលត្រូវនៅ៦កន្លែង ដែលចិនគ្រប់គ្រងថែទាំ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាបន្ថែម សម្រាប់និស្សិតដែលជាប់ នៅទីក្រុងវូហាន ២លានរៀល ស្មើនឹង៥០០ដុល្លារ ក្នុង១ខែ បើសិនជាពន្យារយៈពេលវែង ជាប់នៅទីក្រុងវូហានបន្ដទៀត ថវិកានឹងនៅបន្ដផ្ដល់ឲ្យ។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះនិស្សិតដែលកំពុងសិក្សា នៅប្រទេសចិនទាំងអស់ ជាពិសេសនៅតំបន់វូហានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ថា រដ្ឋាភិបាលចិន មានសមត្ថភាព ហើយប្រទេសចិនមិនមែន គ្រាន់តែទទួលបន្ទុក លើសុខភាពរបស់ប្រជាជនចិននោះទេ គេយកចិត្ដទុកដាក់ខ្ពស់ ជាមួយនិស្សិតបរទេស រាប់ទាំងនិស្សិតកម្ពុជា ព្រោះថា ចិនមាននិស្សិតពីបរទេសច្រើនណាស់។

សូមបញ្ជាក់ថា និស្សិតកម្ពុជាទាំង២៣រូប ដែលកំពុងសិក្សា នៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀល ក្នុងមួយខែ ពីរាជរដ្ឋាភិបាលកម្ពុជា រហូតស្ថានការណ៍វីរ៉ុសនេះ ស្រាកស្រាន្ត៕