អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកអូររាំង


នៅសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកអូររាំង ដោយមានការចូលរួមពីសំណាក់លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ អូររាំង ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធ នៃរដ្ឋបាលស្រុកកែវសីមានាពេលនេះ គឺជាប្រវត្តិសាស្រ្តនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈមការ។ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និង ការអភិវឌ្ឍមូលដ្ឋាន  ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិនាពេលនេះ គឺ៖ ទី១-ការគ្រប់គ្រងរដ្ឋបាលស្រុក តាមគោលការណ៍នៃរដ្ឋបាល ឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាព រដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។ ទី២-ការផ្លាស់ប្តូរ នូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាល ស្រុក ជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលស្រុកជាខ្សែបណ្តោយ នៃក្រសួង ស្ថាប័ន នីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដែលត្រូវអនុវត្តន៍សកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ស្រុក គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលស្រុកដោយផ្ទាល់ទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូល ដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ។

ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវជំរុញដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការរួមគ្នាទប់ស្កាត់បង្រ្កាបបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន៕