ខេត្តកំពង់ឆ្នាំង ធ្វើកំពង់ផែថ្មីមួយទៀត នៅតំបន់អភិវឌ្ឍន៍


កំពង់ឆ្នាំង: ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើម​សាងសង់ កំពង់ផែ​ថ្មី​មួយទៀត នៅ​តំបន់​អភិវឌ្ឍន៍ ស្ថិតនៅក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដើម្បី​សម្រួល​ដល់ ការដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ ។

​ កំពង់ផែ​ថ្មី​នេះចាប់ផ្តើម​សាងសង់ និង​បានធ្វើ​ពិធី​ក្រុង​ពាលី បញ្ចុះបឋមសិលា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង លោកស្រី ។​

​លោក កែវ ពៅ ទីប្រឹក្សារ​សម្តេច​ក្រឡាហោម ស ខេង និង ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានអោយដឹងថា កំពង់ផែ​ចាស់ ស្ថិតនៅ​ភូមិ​ចុង​កោះ ក្នុង​សង្កាត់​ផ្សារឆ្នាំង​នោះ លែងអោយ​មាន​ទៀតហើយ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​រៀបចំ​សោភ័ណភាព​ច្រាំងទន្លេ ។ កំពង់ផែ​ថ្មី​នេះ មាន​ទំហំ​ធំ និង​មាន​លក្ខណៈ ល្អប្រសើរ​ជាង​មុន បង្ករ​អោយមាន​ភាពងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង កសិផល របស់​ប្រជាកសិករ កាន់តែ​ឆាប់រហ័ស​ថែមទៀត ។​

​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា កា​សាងសង់​កំពង់ផែ​ថ្មី​នេះ គឺ​ស្ថិតនៅក្នុង​គំរោង​ផែនការ អភិវឌ្ឍន៍​ច្រាំងទន្លេ​ង នៅ​ខេត្តកំពង់ឆ្នាំង ដែល​អាជ្ញាធរខេត្ត បានស្នើ​សុំ​ទៅ​រដ្ឋាភិបាល ។ ផែនការអភិវឌ្ឍន៍ ច្រាំងទន្លេ​នេះ គឺ​ធ្វើជា​ជំហាន ដែល​ដំបូង​នោះ អាជ្ញាធរខេត្ត បានធ្វើ​បំលាស់​ទី ផ្ទះ​បណ្តែត​ទឹក អោយទៅ​នៅ​តាំង​ថ្មី ដែល​ចំងាយ​ប្រមាណ​ជាង ២ គីឡូម៉ែត្រ និង ជំហាន​បន្ទាប់មកទៀត គឺ​អាជ្ញាធរខេត្ត បាន​សាងសង់​ផ្លូវ ធ្វើ​កំពង់ផែ ត​បណ្តាញ​អ​គិ្គ​ស​នី និង ប្រព័ន្ធ​ទឹកស្អាត ។ បន្ទាប់មកទៀត នឹងធ្វើ​បំលាស់​ទី​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ច្រាំងទន្លេ មក​នៅ​កន្លែង​អភិវឌ្ឍន៍​ថ្មី​នេះ ។​

​លោក ​អភិបាលខេត្ត បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ នៅ​ទីនោះ កុំអោយ​ជឿ​លើ​ការ​ញុះញង់ ពី​ជន​មួយ​ក្តាប់​តួច ដែល​បង្កចលាចល ក្នុងសង្គម បំផុស​ការតវ៉ា​ដែល គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើអោយប៉ះពាល់ ដល់​ការអភិវឌ្ឍន៍​ខេត្ត និង បាត់បង់​នូវ ផលប្រយោជន៍​ខ្លួនឯង ៕