សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារៈ ជូនគ្រួសារខ្សែភ្លើងឆក់ និងឆ្លងទន្លេដោយវៈកាត់


លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា, លោកជំទាវ ជុក សុផានី អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ និងជាសមាជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកាមួយចំនួន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារៈ ជូនគ្រួសារខ្សែភ្លើងឆក់ និងឆ្លងទន្លេដោយវៈកាត់ ស្ថិតនៅក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ឧបាសិកា មាស ញ៉ឹប អាយុ៦៨ឆ្នាំ ត្រូវជាយាយបង្កើតគ្រួសាររងគ្រោះ បានឲ្យដឹងថា ចៅរបស់ស្រីរបស់គាត់ឈ្មោះ ធឿន រាម អាយុ២៤ឆ្នាំ បានឆ្លងទន្លេ កូនប្រុសដំបូង ដោយការវៈកាត់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។ តែអកុសល់ប្តីរបស់ចៅឈ្មោះ រស់ រ៉ា អាយុ២៥ឆ្នាំ មានមុខរបរផ្សារដែក បានទទួលរងគ្រោះថ្នាក់ខ្សែភ្លើងឆក់ ក្នុងខណៈឡើងផ្សារដំបូលដែក កាលវេលាម៉ោង០៧ និង៤៩នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រួចបញ្ជូនយកទៅព្យាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយត្រូវបានកាត់ដៃទាំង២។ ឧបាសិកាបានបញ្ជាក់ទៀតថា គ្រួសារចៅរបស់គាត់ក្រីក្រខ្លាំងណាស់ គ្មានផ្ទះសម្បែង សព្វថ្ងៃរស់នៅលើដីអ្នកដទៃ ពឹងផ្អែកលើប្តីដែលមានមុខរបរផ្សារដែក តែឥឡូវពិការដៃទាំង២ កំពុងសម្រាកព្យាបាលទៀត ធ្វើឱ្យគ្រួសារមួយនេះកាន់តែជួបបញ្ហាកង្វះខាតធ្ងន់ធ្ងរទ្វេរឡើង។

ក្នុងឱកាសនោះ ប្រតិភូបានផ្តល់ជូននូវថវិកា ចំនួន១លាន៨ម៉ឺនរៀល ក្រៅពីនោះមានអង្ករ៥០គីឡូក្រាម មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ត្រីខ ទឹកដោះគោ និងសារុង ដល់គ្រួសារក្មួយស្រី ធឿន រាម នាពេលនោះផងដែរ៕