លិខិតប្រិយមិត្ត៖ ឈប់បាន ឈប់ទៅ កុំឆ្លៀតឱកាសបំភ័យពលរដ្ឋខ្មែររឿង EBA ទៀត!


ជាការពិតសម្រាប់ក្រុមជនអគតិ ដែលមានបំណងអាក្រក់ចង់បំផ្លាញសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ពួកគេមិនដែលរីករាយនោះទេ នៅពេលដែលឃើញប្រទេសជាតិរីកចំរើន និងឃើញបងប្អូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មានស្ថេរភាព និងការអភិវឌ្ឍ។ ភាពរីកចំរើន និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាភាពបរាជ័យនិងជាសត្រូវរបស់ពួកជនអគតិទាំងនោះ។ គេធ្លាប់បានដឹងនិងឃើញជារឿយៗមកហើយ នូវសកម្មភាពរបស់ក្រុមជនអគតិជ្រុលនិយម ដែលតែងតែឆ្លៀតឱកាសនានា បង្កើតការបំផុសបំផុលអគតិខុសពីការពិត ញុះញង់ បំភ័យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ ហើយពេលខ្លះពួកគេថែមទាំងបានអូសទាញ និងប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ជាឧបករណ៍ឱ្យចូលរួមធ្វើសកម្មភាពប្រឆាំងបះបោរ ដើម្បីបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងគោលដៅរាំងខ្ទប់ដំណើរការអភិវឌ្ឍន៍ជាតិ ដែលរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងកសាងឡើងដោយលំបាកតាំងពីដំណាក់កាលក្រខ្សត់ និងគ្មានអ្វីៗទាំងអស់រហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

ពួកក្រុមជ្រុលនិយម ដែលមានគំនិតអគតិចំពោះជាតិ ពួកគេ បានបង្កើតស្ថានការណ៍វឹកវរដល់ជាតិជាច្រើនលើកច្រើនសារមកហើយក្នុងគោលដៅឆក់យកឱកាស ដើម្បីដណ្តើមអំណាចដោយមិនស្របច្បាប់។ បច្ចុប្បន្ននេះ ដោយសារតែបាបកម្មតាមស្នង ទើបពួកគេមួយចំនួនធំត្រូវរត់ចោលស្រុកទេស រត់ចោលផ្ទះសំបែង និងខ្លះទៀតកំពុងមានរឿងក្តីក្តាំជាប់ខ្លួនរើមិនរួច។ ក្រុមដែលមានគំនិតអគតិក្បត់ជាតិខ្លួនឯង បានជួបនឹងបរាជ័យយ៉ាងអាម៉ាស់ក្នុងផែនការដណ្តើមអំណាច ដោយការនាំយកគម្រូបដិវត្តន៍ពណ៌មកអនុវត្តក្នុងប្រទេសកម្ពុជាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ គេនៅចាំបានថា ក្រុមជ្រុលនិយមដែលមានពួកមេដឹកនាំអតីតបក្សប្រឆាំងជាអ្នកបញ្ជា បានបង្កចលាចលម្តងហើយម្តងទៀត នៅក្រោយពេលបោះឆ្នោតជាតិម្តងៗ។ ហើយនៅឆ្នាំ២០១៣ក្រោយការបោះឆ្នោត ពួកគេ បានញុះញង់ឱ្យធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងទាមទារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងខុសច្បាប់។ បាតុកម្មដែលពួកគេបញ្ឆេះឡើងនៅពេលនោះ គឺបានបង្កឱ្យមានអំពើហិង្សា ធ្វើឱ្យខួចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន ព្រមទាំងបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសថែមទៀតផង។

អ្វីដែលគួរឱ្យព្រួយបារម្ភ និងប្រុងប្រយ័ត្ននៅពេលនេះគឺ ពួកក្រុមជនអគតិកំពុងតែបំភ្លៃការពិតពីការផ្អាកដំណើរការជាបណ្តោះអាសន្នរបស់រោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ ការផ្អាកនេះ ដើមហេតុគឺព្រោះតែខ្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន គឺដោយសារតែប្រទេសចិននាពេលបច្ចុប្បន្ននេះ កំពុងតែរងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា។ តាមការជូនដំណឹងរបស់សមាគមរោងកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា បច្ចុប្បន្នវត្ថុធាតុដើមប្រហែលជា៦០% សម្រាប់បម្រើឱ្យផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន។ បច្ចុប្បន្ននេះដោយសារតែឧបទ្ទវហេតុនៃការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម នឹងបិទដំណើរការបណ្តោះអាសន្ន ដែលបញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីផ្អាកប្រតិបត្តិការផលិតកម្មបណ្តោះអាសន្ន ដែលអាចមានរយៈពេល១ខែ ឬ២ខែ។ តាម GMAC ក៏ដូចជាប្រភពពីខាងក្រសួងការងារ បានបញ្ជាក់រួចហើយថា ការផ្អាកក្នុងរយៈពេលខ្លីនេះមិនពាក់ព័ន្ធនឹងដំណើរការព្យួរឬមិនព្យួរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុបនោះទេ។ មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សូមកុំមានការយល់ច្រឡំព្រោះតែការបំភ័ន្ត ឬបំភិតបំភ័យថារោងចក្របិទទ្វារ ដោយសារគេព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ឱ្យសោះ ការពិតគឺដោយសារតែបញ្ហាកង្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិនតែប៉ុណ្ណោះ។គួរកត់សម្គាល់ថា ក្រុមឆ្លៀតឱកាសនិយមដែលមានគំនិតអគតិចំពោះជាតិ បានកេងចំណេញនយោបាយក្នុងរឿងនេះ ដោយពួកគេបានបំភ្លៃថា នៅពេលដែលប្រព័ន្ធអនុគ្រោះពន្ធត្រូវបានព្យួរ រោងចក្រមួយចំនួននៅកម្ពុជានឹងត្រូវបិទទ្វារ ហើយកម្មករនឹងអត់ការងារធ្វើដល់ទៅរាប់ម៉ឺននាក់។ ប៉ុន្តែជាក់ស្តែងការពិតវាមិនដូច្នេះទេ។ បើទោះបីជាមានការព្យួរ EBA ផ្នែកណាមួយ ឬទាំងស្រុងក៏ដោយ គឺមិនមែនជាការបាត់ទីផ្សារនាំចេញទំនិញ ទៅលក់នៅសហភាពអឺរ៉ុបនោះទេ។ កម្ពុជានៅតែអាចនាំចេញទៅទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែត្រូវបង់ពន្ធដូចគេដូចឯងប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដើម្បីប្រឈមនឹងការព្យួរ EBA ជាច្រើនឆ្នាំមុនរួចទៅហើយ ដោយសារកម្ពុជាកំពុងតែឈានទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន។ ពោលគឺមុននិងក្រោយប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏នឹងត្រូវបានគេដកដូចតែគ្នាទេ ព្រោះកម្ពុជាលែងជាប្រទេសក្រីក្រដូចមុនទៀតហើយ។ ដូច្នេះឈប់បាន ឈប់ទៅ មិនត្រូវបំផុសបំផុល និងបំភ័យខ្មែរគ្នាឯងរឿង (EBA) នេះទៀតអី។ អ្វីដែលសំខាន់ គឺសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំដែលមិនអាចដួលរលំព្រោះតែការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះទេ។ កំណើនសេដ្ឋកិច្ច នឹងនៅតែកើនក្នុងរង្វង់យ៉ាងតិច៦.១%នៅឆ្នាំ២០២០នេះ។ គ្មានអ្វីដែលបងប្អូនប្រជាពលរដ្ឋត្រូវព្រួយបារម្ភនោះទេ។ ហើយសូមកុំជឿការបំភិតបំភ័យខុសពីការពិតនេះឱ្យសោះ៕

ដោយ៖ ស ជាតិ