អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងពោធិ៍សាត់ ចំនួន៦៥រូប


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងពោធិ៍សាត់ ចំនួន៦៥រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

យោងតាមសេចក្តីសម្រេច លេខ១៧៤សសរ/គ.ជ.អ.ប របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងប្រការ១ ត្រូវបានធ្វើសមាហរណកម្មបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងពោធិ៍សាត់ ចំនួន៦៥រូប រួមមានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ, អង្គភាពលទ្ធកម្ម, ការិយាល័យគ្រប់គ្រងធនធានមនុស្ស, ការិយាល័យផែនការ និងគាំទ្រសង្កាត់, ការិយាល័យលេខាធិការក្រុមប្រឹក្សា, ការិយាល័យត្រួតពិនិត្យផ្ទៃក្នុង, ការិយាល័យអប់រំ យុវជន និងកីឡា, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល, ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ, ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍, ការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គម និងការិយាល័យច្រកចេញចូលតែមួយ៕