លោកជំទាវ មាន សំអាន និង ឯកឧត្តម ទឹម ផន បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង​​ ធ្វើការពិនិត្យ និងព្យាបាលជំងឺឥតយកកម្រៃជូនប្រជាពលរដ្ឋ


នាថ្ងៃពុធ ៤រោច ខែមាឃ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២​ ខែកុម្ភៈ​ ឆ្នាំ២០២០​ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងដោយទទួលបានកិច្ចសហការចូលរួមពីអាជ្ញាមូលដ្ឋានរួមមាន​ លោក អ៊ុង ចាន់ធឿន អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ាន ចិន្តា អភិបាលរងស្រុក លោក ពា ស៊ា ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធជុំវិញស្រុក បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង​​ ធ្វើការពិនិត្យ និងព្យាបាលជំងឺឥតយកកម្រៃជូនប្រជាពលរដ្ឋរស់នៅភូមិបឹងជ័រ ភូមិព្រៃទឹង ភូមិគោរកា ភូមិខ្នា និងភូមិឈើទាល ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដោយ ធ្វើឡើងរយៈពេលពេញមួយថ្ងៃគឺ ចាប់ពីវេលាម៉ោង ០៧:៣០នាទី រហូតដល់វេលាម៉ោង ១៧:១៥នាទីល្ងាច។ ជាលទ្ធផល ក្រុមគ្រូពេទ្យបានទទួលពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋសរុប​ចំនួន ១៩០នាក់ ( ប្រុស ៥៦នាក់ ស្រី ១២៦នាក់ កុមារា ០៤នាក់ និងកុមារី ០៤នាក់ )។

ក្នុងឱកាសនោះផងដែរ លោកជំទាវ និងឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាឲ្យបានទៀងទាត់ ៕