នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំង ស្នើសុំតម្លើងស្ថានីយម៉ូទ័របូមទឹកប្រើប្រាស់ចរន្តអគ្គិសនី ចំនួន ០២កន្លែង


នៅថ្ងៃពុធ ០៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ និងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ (Cash for Work Programme for Rural Development and Livelyhood Enhance Project, CFWPRDLEP) ដោយមានការសហការពីមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យទីតាំង ស្នើសុំតម្លើងស្ថានីយម៉ូទ័របូមទឹកប្រើប្រាស់ចរន្តអគ្គិសនី ចំនួន ០២កន្លែង ដូចខាងក្រោម ៖

១- អនុគម្រោងប្រឡាយជើងក្អែប ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រកណ្តៀង ស្នើសុំតម្លើងស្ថានីយបំពាក់មូទ័របូមទឹក Ø៥០០មម ប្រើប្រាស់ដោយចរន្តអគ្គីសនី ជំនួយស្ថានីយបូមទឹកចល័ត Ø៥០០មម ប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងដងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្ថានីយ ឃុំកណ្តៀង ស្រុកកណ្តៀង សម្រាប់ស្រោចស្រពលើផ្ទៃដីសរុប ចំនួន ៦០០ ហិចតា ក្នុងនោះផ្ទៃដីប្រាំង ចំនួន ១៨០ ហិកតា

២- អនុគម្រោងប្រឡាយជើងក្អែប ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រអូររកា ស្នើសុំតម្លើងស្ថានីយបំពាក់មូទ័របូមទឹក Ø៥០០មម ប្រើប្រាស់ដោយចរន្តអគ្គីសនី ជំនួយស្ថានីយបូមទឹកចល័ត Ø៥០០មម ប្រើប្រាស់ប្រេងម៉ាស៊ូត ក្នុងដងអូរព្រះគង្គ ស្ថិតក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ សម្រាប់ស្រោចស្រពលើផ្ទៃដីវស្សា ចំនួន ៨៥៦ ហិចតា និងផ្ទៃដីប្រាំង ចំនួន ៦០០ ហិកតា

សូមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខត្តពោធិ៍សាត់ បាន និងកំពុងអនុវត្តនូវគម្រោង CFWPRDLEP ក្នុងជំហានទី១ សរុបទាំងអស់ចំនួន ១៨២ អនុគម្រោង ជាលទ្ធផលដែលសម្រេចបានគឺ ៦០% និងបានគ្រោងលើកផែនការបន្តសម្រាប់ជំហានទី២ ចំនួន ១៧០ អនុគម្រោងបន្ថែមទៀត ៕