ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នៅទីស្ដីការក្រសួង ។
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដែល AFD ក៏ដូចជាសហគមន៍អឺរ៉ុប (EU) បាន និងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលមានទំហំវិនិយោគ ៧៩ លានអឺរូ ។
ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី ២ ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងថវិកាប្រមាណ ៧០ លានអឺរូ ។ លើសពីការគ្រោងទុកនេះ ក៏បានលើកពីចំណាប់អារម្មណ៍ លើគម្រោងស្តារស្ទឹងស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ ៤០ លានអឺរ៉ូ និងគម្រោងស្តារស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ ២៥ លានអឺរូ ព្រមទាំងគម្រោងអាទិភាពក្នុងការដោះស្រាយទឹកមួយចំនួនទៀតផងដែរ ៕
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុញ្ញាតឱ្យនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
