ក្រសួងសាធារណការ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តក្រចេះ


(ក្រចេះ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់។ ពិធីនេះ ធ្វើឡើងនៅតាមបណ្តោយផ្លូវលេខ៣៧៧ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

លោក សេន ជាតិវុសុទ្ធ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា យុទ្ធនាការនេះ ធ្វើគ្រប់២៥រាជធានី-ខេត្ត ដោយមានការអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយ សំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ តាមរយៈ កម្មវិធី Cambodia Driving Rule ដែលជាកម្មវិធីបង្កើតឡើងដោយក្រសួង។

លោកបន្ដថា យុវជនដែលបានចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនេះ បានយល់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ នៅទូទាំងប្រទេស និងមូលហេតុ ការស្លាប់អ្នកទាំងនោះផងដែរ។ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ បងប្អូននឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឲ្យបានយល់ដឹងផងដែរ។

ក្នុងយុទ្ធនាការនេះ បានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួន ៖ មួកសុវត្ថិភាព១០០មួក, សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល, សៀវភៅអ្វីដែល អ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង៣០០ក្បាល, ខិតបណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក៣០០សន្លឹក, ស្ទីកឃ័រចំណាំងផ្លាត៥០០សន្លឹក, ស្ទីកឃ័រ ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍២០សន្លឹក៕