សម្តេចចៅហ្វាវាំង គង់ សំអុល ស្នើស្ថាប័នពាក់ព័ន្ធនឹងការងារសុខភាពទាំងអស់ខិតខំប្រឹងថែទាំសុខភាពមាតា ទារក និងកុមារ


ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធផ្នែកសុខភាពឬអ្នកផ្តល់សេវាសុខភាពទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងការស្លាប់របស់ទារកក្នុងផ្ទៃ។

ការស្នើបែបនេះរបស់សម្តេចធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ។ សម្តេចបានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំនេះ សម្តេចចៅហ្វាវាំងបានលើកឡើងអនុសាសន៍ទាំង៥ ចំណុចសំខាន់ៗ ដែលជាបណ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងការថែទាំសុខភាពមាតា ទារក និងកុមារ ចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ។

បើតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា «ដើម្បីចូលរួមចំណែកទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ការងារចាំបាច់ ដែលយើងត្រូវរួមគ្នាធ្វើក្នងការថែទាំសុខភាពមាតា ទារក និងកុមារចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ រួមទាំងការពន្យារកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ការចិញ្ចឹមទារក និងអាហារូបត្ថម្ភ ដើម្បីឲ្យមាតា និងទារកមានសុខភាពល្អ»។

ក្នុងឱកាសទិវាជាតិ សុខភាពមាតាទារក និងកុមារនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដូចខាងក្រោម ៖

ទី១-សូមឲ្យស្រ្តីមានផ្ទៃពោះទាំអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើត្តេសឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។

២.សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

៣.សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារកយកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូនរហូតដល់កូនមានអាយុ២ឆ្នាំ។

៤.សូមបំបៅដោះទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំង និងទី៥.សូមប្រញ៉ាប់យកទារកឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងលោក លោកស្រីក៏បានចែកអំណោយជូនស្រ្តីក្រីក្រមានផ្ទៃពោះ មានកូនតូច១៩៧នាក់មកពីរក្រុង១ និងស្រុក៤ ដែលក្នុងម្នាក់ៗទទួលបានអង្ករ៣០គឺឡូក្រាម,មីម៉ាម៉ា១កេស,ត្រីខ១យួរ, ឃីត១កញ្ចប់ និងថវិកា៥ម៉ីនរៀល ក្នុងនោះថវិការបស់សាខាចំនួន២ម៉ីនរៀល, ថវិការបស់សម្តេចចៅហ្វាវាំង២ម៉ីនរៀល និងថវិការបស់ឯកឧត្តម ឈួរ ច័ន្ទឌឿនចំនួន១ម៉ឺនរៀល ៕