កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមរៀបចំសម្រាប់កម្មវិធីប្រជុំលើកទី៣៩ នៃក្រុមការងារសម្របសម្រួលការដឹកជញ្ជូន អាស៊ាន (39th ASEAN TFWG)


ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសម្រាប់កម្មវិធីប្រជុំលើកទី៣៩ នៃក្រុមការងារសម្របសម្រួលការដឹកជញ្ជូន អាស៊ាន (39th ASEAN TFWG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងមន្ត្រីទទួលបន្ទុក ក្នុងការរៀបចំកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំរបស់គណៈកម្មការទទួលបន្ទុក ដែលបាន ត្រៀមលក្ខណៈអស់រយៈកាលកន្លងមក ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាប្រមូលធាតុ ចូលបន្ថែមទៀតពីអង្គប្រជុំ សំដៅឱ្យការរៀបចំកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាម ការគ្រោងទុក។

ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើឱ្យគណៈកម្មការទទួលបន្ទុកសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងសហការ ជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីជៀសវាងការឆកល្វែងនូវប្រការណាមួយដោយចៃដន្យ ព្រម ទាំងពន្លឿនការងាររបស់ខ្លួន ជាពិសេសត្រូវបំពេញចំណុចសេសសល់ឱ្យបានចប់សព្វគ្រប់តាមកាល កំណត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី៣៩ នៃក្រុមកាងារសម្របសម្រួលការដឹកជញ្ជូនអាស៊ាន (39th ASEAN TFWG) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្នុងទឹកដីខេត្តសៀមរាប៕