ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត បន្ដខិតខំដោះស្រាយទុក្ខលំបាករបស់សមាជិក


(កំពង់ធំ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្ដកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ របស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តរួចមក ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកំពង់ធំទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ លោកបានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

ដោយឡែក ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ ទាំង១៩៨គ្រួសារ។

តាមរបាយការណ៍ ស អ ក ខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ សម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ ផ្ទះអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១៤១ខ្នង ត្រូវបានផ្តល់ជូនអតីតយុទ្ធជន ដែលមានដី អត់ផ្ទះ និងមានផ្ទះមិនសមរម្យ និងកំពុងសាងសង់បន្ថែម៣០ខ្នងទៀត, បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៧៧គ្រួសារ ក្នុងមួយគ្រួសារ៤លានរៀល, សហការបើកប្រាក់ ធានារ៉ាប់រងសង្គ្រោះ បាន៥១គ្រួសារ, សមាគមខេត្ត បានចុះសួរសុខទុក្ខអតីតយុទ្ធជនជួបការលំបាក២៨៥គ្រួសារ ដោយបានផ្តល់ជូន ថវិកា២៥,៧៧៥,០០០រៀល និង១,១០០ដុល្លារ, អង្ករ១០,៦២៦គីឡូក្រាម, មីចំនួន៥៣៧កេស រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន។

ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ជូនអង្គប្រជុំថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព៕