ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យតំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងណែនាំខ្លួន Dr. Yurdi Yasmi ដែលទើបត្រូវបានតែងតាំងជាតំណាងអង្គការ IRRI ប្រចាំតំបន់អាស៊ីបូព៌ា។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរចំពោះ Dr. Yurdi Yasmi ដែលទើបទទួលបានភារកិច្ចថ្មី ហើយតាមរយ: Dr. Yurdi Yasmi ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះអង្គការ IRRI ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ក្នុងនោះក៏បានរួមចំណែកធ្វើឲ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថាជាអង្ករមានគុណភាពល្អបំផុត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាវិទ្យាស្ថាននេះនឹងនៅតែបន្តជួយដល់ផលិតកម្មស្រូវឲ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវឲ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងវិទ្យស្ថាន ជាមួយ CARDI និងអគ្គនាយកដ្ឋានកសិកម្ម ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀតទាំងការងារបច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក៏ដូចជាគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលផងដែរ។ អ្វីដែលសំខាន់ គឺត្រូវគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមក្នុងការផលិតពូជ គ្រប់គ្រង និងផ្គត់ផ្គង់ឲ្យដៃគូផលិតធ្វើយ៉ាងនេះទើបយើងធានាបាននូវបរិមាណ និងគុណភាពតាមតម្រូវការទីផ្សារ។

Dr. Yurdi Yasmi បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួប និងធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗជុំវិញការងារផលិតកម្មស្រូវ បច្ចេកទេស ផលិតកម្មពូជ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ Dr. YASMI បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅថា CARDI និងអគ្គនាយកដ្ឋានកសិកម្មដែលបានផ្តល់កិច្ចសហការ ជាមួយអង្គការ IRRI បានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រីកការងារផ្សព្វផ្សាយ ការងារបណ្តុះបណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងរៀបចំគោលនយោបាយសំខាន់ៗទាក់ទងផលិតកម្មស្រូវកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយអង្គការ IRRI ដើម្បីលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ សមត្ថភាពមន្រ្តី និងអ្នកផលិត ព្រមទាំងផលិតភាពផលិតកម្មស្រូវកម្ពុជានាពេលអនាគត។