កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍


ទីស្តីការក្រសួងបរិស្ថាន នៅព្រឹក​ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ លើផ្ទៃដីទំហំ ១២៦,៩០១៨ហិកតា ដែល​មានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង របស់ក្រុមហ៊ុន GIGA RESOURCE (CAMBODIA) CO., LTD. ដែលបានសិក្សា និងរៀបចំរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុម​ហ៊ុនទីប្រឹក្សា ខេមបូ ខនសាល់ធេន អ៊ិនធើណេសិនណល (ស៊ីស៊ីអាយ)។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង លោក លោកស្រីជាតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តស្វាយរៀង មន្ទីរបរិស្ថានខេត្តស្វាយរៀង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន GIGA RESOURCE (CAMBODIA) CO., LTD. (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សាខេមបូ ខនសាល់ធេន អ៊ិនធើណេសិនណល (ស៊ីស៊ីអាយ) ចំនួន ៣៧នាក់។

ជារួម អង្គប្រជុំ​ បានទទួលលទ្ធផល ដូចខាងក្រោម៖
១-​ អង្គប្រជុំគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ នេះ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)នេះនៅមានចំណុចខ្វះខាតច្រើន ដូច្នេះក្រសួងបរិស្ថាន​ ទុករយៈពេល០១ខែ ដើម្បីឱ្យក្រុមហ៊ុនកែសម្រួល និងបំពេញបន្ថែម​ស្របតាមស្មារតីអង្គប្រជុំ ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ​ មុនអនុម័តជាចុងក្រោយ
២-​ ក្រុមហ៊ុន​ ត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាព​រាល់សកម្មភាពគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងមូល​ ដូចជា៖ ចំនួនបុគ្គលិក-កម្មករ ចំនួនរោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សា្ថនភាព សំណង់ (ដូចជា អគារស្នាក់នៅរួម បុរីលំនៅដ្ឋានជាដើម) ស្ថានភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋនៅក្បែរតំបន់គម្រោង ដើម្បីគ្រប់គ្រងសុខភាព-សុវត្ថិភាពកម្មករ និងគ្រប់គ្រងសំណល់រឹង(សំរាម) និងសំណល់រាវ
៣-​ រាល់រោងចក្រទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ​ ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដាច់ដោយឡែកសម្រាប់រោងចក្រនីមួយៗ
៤-​ ក្រុមហ៊ុន​ ត្រូវដាំដើមឈើនៅក្នុងតំបន់បៃតង ដែលក្រុមហ៊ុនបានកំណត់នៅក្នុងផែនការមេរបស់ក្រុមហ៊ុន
៥-​ រាល់សំណល់គ្រោះថ្នាក់​ ចេញពីសកម្មភាពគម្រោង (ដូចជា អំពូលលម្អ) ក្រុមហ៊ុនត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
៦-​ ចំពោះអាងប្រព្រឹត្តកម្មសំណល់រាវរួម​របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនត្រូវសិក្សាឡើងវិញអំពីទីតាំង និងទំហំ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ស្តុកសំណល់រាវរួម​នៅក្នុងតំបន់សេដ្ឋកិច្ចទាំងមូល
៧-​ ចំពោះការប្រើប្រាស់ទឹកក្រោមដី ក្រុមហ៊ុន​ ត្រូវសហការជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីវិភាគគុណភាពទឹកជាមុនសិន មុនពេលក្រុមហ៊ុនប្រើប្រាស់
៨-​ ស្នើឱ្យអាជ្ញាធរខេត្ត​ ជួយចូលរួមសហការ​សម្របសម្រួលជាមួយក្រុមហ៊ុន​ម្ចាស់លើបញ្ហាសាងសង់ផ្លូវ និងប្រឡាយរំដោះទឹកភ្លៀងជុំវិញតំបន់គម្រោង ដែលក្រុមហ៊ុនសន្យាជាមួយប្រជាពលរដ្ឋ
៩-​ ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ៕