ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក៖ 5G ដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថល នៅកម្ពុជា


ឯកឧត្តម ត្រាំ អ៉ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា នៅទូទាំងពិភពលោក មានប្រតិបត្តិករទូរគមនាគមន៍ 5G មកពី៣១ប្រទេស ដែលបានដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ប្រកបដោយជោគជ័យ ហើយបច្ចេកវិទ្យា 5G នេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថល នៅកម្ពុជា ក៏ដូចជានៅក្នុងបដិវត្ដឧស្សាហកម្ម 4.0។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានលើកឡើងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅការិយាល័យកណ្តាលក្រុមហ៊ុន Yes Seatel ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីដំណើរការ សាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Yes Seatel (Yes 018)។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានបន្ថែមទៀតថា ចក្ខុវិស័យរបស់ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ឆ្នាំ២០២០ នឹងជំរុញអាស៊ានឆ្ពោះទៅកាន់ ការប្រកាន់យកសេដ្ឋកិច្ចឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ ចីរភាព និងមានភាពរីកលូតលាស់ ហើយធ្វើឱ្យសហគមន៍អាស៊ាន ក្លាយជាសហគមន៍មួយ មាននវានុវត្តន៍ភាព ពេញលេញ និងរួមបញ្ចូលគ្នាតែមួយ។

ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះ ក្រសួងកំពុងដំណើរការទៅមុខយ៉ាងល្អក្នុងការចេញអាជ្ញាបណ្ណវិសាលគមន៍ 5G ដល់ប្រតិបត្តិករ ហើយក្រសួងនឹងបន្តផ្តល់ការគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីឱ្យបណ្តាខេត្ត ក្រុង ទាំងអស់បានទទួលប្រព័ន្ធសេវា 5G យ៉ាងឆាប់រហ័សផងដែរ។

នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុន Yes Seatel ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G នេះបានជោគជ័យ។ ឯកឧត្តមក៏បានកោតសរសើរចំពោះការវិនិយោគ ជាបន្តបន្ទាប់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលបានជួយឱ្យប្រជាជនកម្ពុជា ទទួលបាននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបៗចុងក្រោយផងដែរ។

លោក យ៉ាវ យៀកជីន អគ្គនាយកក្រុមហ៊ុន Yes 018 បានឲ្យដឹងដែរថា ការពង្រីកបច្ចេកវិទ្យា ៥G មុនគេនេះ ដើម្បីជាផ្នែកមួយចូលរួមចំណែក ក្នុងការរីកចំរើនរបស់ប្រទេសកម្ពុជា ដោយលោកបានគត់សម្គាល់ថា នឹងមានចំនួនការតភ្ជាប់ការប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត តាមរយៈឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទកាន់តែច្រើន ដែលនឹងផ្តល់នូវភាពងាយស្រួល និងភាពទំនើបទាន់សម័យ ដល់ការរស់នៅបែបសម័យថ្មី។

លោកបានបញ្ជាក់ទៀតថា នៅពេលដែលប្រព័ន្ធសេវា Yes 5G ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ វានឹងជាការបើកឱកាសថ្មី សម្រាប់ការការកែរលម្អរវិស័យអប់រំ កសិកម្ម នឹងឧស្សាហកម្ម ដែលជាសសរគ្រឹះសំខាន់ទាំង៣សម្រាប់ប្រទេសកម្ពុជា។ តាម GSMA បច្ចេកវិទ្យា5G នឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប៤.៨% សម្រាប់ប្រទេស។ បច្ចេកវិទ្យានេះនឹងផ្លាស់ប្តូរពិភពលោកតាមរយៈបច្ចេកវិទ្យា AI Robotics, Dronas, IoT, និងបច្ចេកវិទ្យា Smart Cities។

Yes 018 មានបណ្តាញ 4G ១០០% ដែលបានគ្រប់ដណ្តប់ចំនួនប្រជាជនជាង៩០% នៅក្នុងប្រទេសកម្ពុជា។ ស្ថានីយ 4G ទាំងអស់ត្រូវបានបំពាក់បណ្តាញខ្សែកាបអុបតិចក្រោមដីជាង១២,០០០គីឡូម៉ែត្រនៅទូទាំងប្រទេស។ ប្រព័ន្ធសេវា 5G ផ្តល់នូវភាពងាយស្រួល និងផ្តល់ល្បឿនលឿនជាងប្រព័ន្ធសេវា4G ១០ដង និងមានប្រព័ន្ធតភ្ជាប់សេវាអ៉ិនធឺណិត ជាទីទុកចិត្តជាមួយទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាមួយនឹងល្បឿនលឿនក្នុងការទាញយកទិន្នន័យជាមធ្យម ១GB ៕