ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យជាក់ស្តែងលើការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅតាមឃុំ/សង្កាត់


អនុលោមតាមអនុក្រឹត្យលេខ២៤៥ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងដោយមានការណែនាំពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រុមការងារអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះពិនិត្យ និងសង្កេតជាក់ស្តែង លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅតាមឃុំ/សង្កាត់ និងមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីស្វែងយល់ពីដំណើរការនៃការចុះឈ្មោះ និងការបើកប្រាក់ឧបត្ថម្ភ ជូនអ្នកទទួលផលពីកម្មវិធីនេះ។

ការចុះពិនិត្យ និងសង្កេតជាក់ស្តែងនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការសម្របសម្រួល ដោយមន្ត្រីជំនាញមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមានការចូលរួមពី តំណាងមូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ (UNICEF) ផងដែរ។

នៅតាមឃុំ/សង្កាត់ និងមណ្ឌលសុខភាពនីមួយៗ ដែលក្រុមការងារបានពិនិត្យ និងសង្កេតដោយយផ្ទាល់នោះ ភាគីពាក់ព័ន្ធរួមមានទាំងអ្នកផ្ដល់សេវា និងអ្នកទទួលផល បានជួបពិភាក្សាអំពីវឌ្ឍនភាព, បញ្ហាប្រឈម, និងការស្វែងរកដំណោះស្រាយជាក់លាក់ ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីនេះ តាមរយៈយន្តការដែលមានការចូលរួមពី រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រុមការងារក៏បានសង្កត់ធ្ងន់ លើសារសំខាន់នៃការផ្សព្វផ្សាយ អំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង ដល់ក្រុមគ្រួសារគោលដៅ និងការបង្កភាពងាយស្រួល ដល់បងប្អូនស្ត្រីដែលជាអ្នកទទួលផល ដើម្បីសម្រេចឱ្យបាននូវគោលដៅ ក្នុងការចូលរួមកាត់បន្ថយបន្ទុកក្នុងគ្រួសារ ការបង្កើនអាហារូបត្ថម្ភដល់ទារក ទាំងក្នុងផ្ទៃ និងក្រោយពីសម្រាល ក៏ដូចជាការថែទាំសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ សម្រាល និងក្រោយពេលសម្រាល។

សូមជម្រាបជូនថា ការអនុវត្តកម្មវិធីដោយប្រើប្រាស់ យន្តការថ្នាក់ក្រោមជាតិនេះ បានចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ និងដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្ទាប់ពីការអនុវត្តដោយប្រើប្រាស់ យន្តការបណ្តោះអាសន្ន ដោយក្រសួងសុខាភិបាល កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ៕