ក្លោងទ្វារ និងអំពូលភ្លើងបំភ្លឺផ្លូវនាពេលរាត្រី ជុំវិញទីរួមខេត្តត្បូងឃ្មុំ នឹងបំពាក់រួចរាល់មុនចូលឆ្នាំខ្មែរ


(ត្បូងឃ្មុំ)៖ ខេត្តត្បូងឃ្មុំ ថ្វីត្បិតជាខេត្តកូនពៅ ទើបបង្កើតថ្មី តែអគាររដ្ឋបាលខេត្តដ៍ធំស្កឹមស្កៃ ហេដ្ឋារចនាសម្ព័ន្ធនានា មន្ទីរពេទ្យភូមិភាគ សាលារៀន សាកលវិទ្យាល័យ សាលាឧទ្ធរណ៍ ផ្លូវធំៗខ្វាត់ខ្វែង សួនច្បារអមដោយផ្កាចម្រុះជាដើម បានលេចរូបរៀងឡើងជាបន្តបន្ទាប់។

បន្ថែមពីនេះ ដើម្បីលើកសម្រស់សោភ័ណភាពនាពេលរាត្រីទីប្រជុំជនទីរួមខេត្តត្បូងឃ្មុំ ឲ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង ក៏ដូចជាបំភ្លឺផ្លូវសម្រាប់ធ្វើដំណើរ បញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ផងនោះ បន្ទាប់ពីបើកកិច្ចប្រជុំជាមួយខាងក្រុមហ៊ុន ដែលរៀបចំ និងកំពុងអនុវត្តន៍លើគម្រោងមួយនេះ នាពេលកន្លងមកនោះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយតំណាងខាងក្រុមហ៊ុន បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងដាក់ក្លោងទ្វារចូលតំបន់ រដ្ឋបាល សាលាខេត្តត្បូងឃ្មុំ និងទីតាំងដាំបង្គោលភ្លើងពីក្រុងសួង ដល់រង្វង់មូលព្រះធាតុ និងពីផ្លូវជាតិលេខ៧ ចូលដល់សាលាខេត្ត ឲ្យរួចរាល់មុនថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវនាពេលរាត្រីនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺជួយសម្រួលដល់អ្នកដំណើរជាតិ និងអន្តរជាតិ ព្រមទាំងឡានដឹកទំនិញតូចធំ ធ្វើដំណើរឆ្លងកាត់ទាំងយប់ទាំងថ្ងៃរៀងរាល់ថ្ងៃផងដែរ ជាពិសេសបានជួយលើកសម្រស់ និងសោភ័ណភាពខេត្ត នាពេលរាត្រី ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តឲ្យបានកាន់តែច្រើន។

ឯកឧត្តមបន្ថែមថា ភ្លើងបំភ្លឺផ្លូវនេះ នឹងដំឡើងរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ មកចូលរួមកម្សាន្ត គយគន់សម្រស់រដ្ឋបាលប្រមូលផ្តុំជុំវិញខេត្តនាពេលរាត្រី ពិសេស «សង្ក្រាន្តត្បូងឃ្មុំ» ដែលរដ្ឋបាលខេត្តនឹងរៀបចំឡើង ធ្វើធំជាងឆ្នាំកន្លងទៅ ដោយមានក្លោងទ្វារសង្ក្រាន្ត ការលេងល្បែងប្រជាប្រិយខ្មែរជាដើម។ ជាងនេះទៅទៀត មានការប្រគុំតន្ត្រី រាំលេងកមន្សាន្ត ទស្សនាស្តង់ពិពរណ៍ពាណិជ្ជកម្ម និងមានការបាញ់កាំជ្រួច ក៏ដូចជាកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។

ដូចអ្វីដែលខិតខំកែលម្អ លើកសម្រស់ខេត្តពីមួយថ្ងៃទៅមួយថ្ងៃនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលរស់នៅក្បែរបង្គោលភ្លើង បន្ទាប់ពីក្រុមហ៊ុនបានតម្លើងរួចរាល់ហើយ សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈឲ្យបានយូអង្វែង៕