អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់សុខុមាលភាពមាតា ទារក ពិសេសការផ្ដល់ជូនកម្មការិនី ទាំងពេលពិនិត្យ និងសម្រាលកូនតាមមន្ទីរពេទ្យរដ្ឋដោយពុំមានការបង់ថ្លៃ


(កំពង់ចាម)៖ ក្នុងពេលប្រារព្ធពិធីទិវាជាតិសុខភាពមាតាទារក និងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា វឌ្ឍនភាពការងារសុខភាពមាតា ទារក និងកុមារ ជាអទិភាពចម្បងមួយ ក្នុងវិស័យសុខាភិបាលមានភាពប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា កម្ពុជាសម្រេចបានជាទីមោទនពិសេសជោគជ័យ ក្នុងការសម្រេចគោលដៅ អភិវឌ្ឍសហស្សវត្សទី៤ និងទី៥ ឆ្នាំ២០១៥ ក្នុងការកាត់បន្ថយអត្រាមរណភាព របស់កុមារអាយុក្រោម ៥ឆ្នាំ និងមរណភាពរបស់មាតាបានប្រមាណ ៨៣%។ រហូតមកដល់ឆ្នាំ២០១៩ អត្រាស្លាប់របស់មាតា ទារក និងកុមារ បានថយចុះជាច្រើនជាបន្តបន្ទាប់ផងដែរ។

ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម កំពុងត្រូវបានជំរុញយ៉ាងខ្លាំង ក្នុងការលើកកម្ពស់ សុខមាលភាព សាមគ្គី ភាពសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា បេឡាជាតិរបបសន្តិសុខសង្គម (បសស) កំពុងផ្តល់សេវាថែទាំ សុខមាលភាពរបស់ប្រជាជនខ្មែរ ពេលចាស់ជរា នឹងពេលទទួលរងហានិភ័យផ្សេងៗ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុខុមាលភាព មាតា ទារក ពិសេសការផ្ដល់ជូនកម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធទាំងពេលពិនិត្យ និងសម្រាលកូនតាមមន្ទីរពេទ្យរដ្ឋ ដោយពុំមានការបង់ថ្លៃ និងទទួលបានថវិកាឧបត្ថម្ភពីមូលនិធិសមធម៌សុខាភិបាលចាប់តាំង ពីខែមករាឆ្នាំ២០១៩មក រយៈពេលជិតពីរខែដើមឆ្នាំ២០២០នេះ នៅទូទាំងខេត្ត កម្មការិនីដែល សម្រាលកូន មានចំនួន ៦១៤នាក់ ក្នុងកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល និងទទួលរបបឧបត្ថម្ភបន្ថែម១២០%ទៀត (ពីនយោជក ៥០% និងពី បសស ៧០%)។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភ និងកុមារ អាយុ ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ដើម្បីជួយសម្រាលបន្ទុក លើកកម្ពស់ជីវភាពរស់នៅ និង អាហារូប ត្ថម្ភដល់ស្ត្រី និងកុមារ។

កិច្ចការនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយស្ថាប័នសុខាភិបាលចាប់តាំងពីថ្ងៃ១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃ៣១ ខែមករា ឆ្នាំ ២០២០ ហើយចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ មក រាជរដ្ឋាភិបាលបានផ្ទេរឲ្យស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមប្រតិបត្តិការរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្តវិញ៕