ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ៖ទទួលបានការចាប់អារម្មណ៍ និងគាំទ្របណ្តើរៗពីមហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន


ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីង នៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្របណ្តើរៗពីមហាជន ចាប់តាំងពីសហព័ន្ធ បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ។

ឯកឧត្តមផ្តល់អានុសាសន៍ថា ៖ ដើម្បីឱ្យប្រភេទកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ឆ្ពោះទៅព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាំបាច់ត្រូវខិតខំបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនីបន្ថែមទៀត នៅតាមបណ្តាសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស ។ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ណាស់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ជាមួយនឹងការខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ( ទូកនាគ ) ជ្រើសរើសជើងឯកភូមិភាគ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ បែងចែកជា៥ភូមិភាគ រួមមានភូមិភាគរាជធានីភ្នំពេញ ភូមិភាគវាលរាប ភូមិភាគនិរតី ភូមិភាគបឹងទន្លេសាប និងភូមិភាគឦសាន ។ មុនការរៀបចំនៅភូមិភាគបឹងទន្លេសាប សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំរួចហើយនៅភូមិភាគវាលរាប និងភូមិភាគនិរតី ៕