ជីវប្រវត្តិរបស់លោក U Htin Kyaw ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលនឹងមកទស្សនៈកិច្ចនៅកម្ពុជា


លោក U Htin Kyaw ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងភរិយា នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្តាហ៍នេះរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៧។

ខាងក្រោមនេះជាជីវប្រវត្តិខ្លះ របស់ប្រធានាធិបតីរូបនេះ៖

* ឈ្មោះពេញ៖ លោក Htin Kyaw
* ប្រធានាធិបតីមីយ៉ាន់ម៉ា៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន
* ថ្ងៃខែឆ្នាំកំណើត៖ ២០ កក្កដា ១៩៤៦ (វ័យ៧០ឆ្នាំ)
* កន្លែងកំណើត៖ រដ្ឋធានី Rangoon ប្រទេស មីយ៉ាន់ម៉ា
* គណបក្សនយោបាយ៖ សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថា NLD
* ភរិយា៖ លោកស្រី Su Su Lwin (រៀបអាពាហ៌ពិពាហ៌ ឆ្នាំ១៩៧៣)
* ឪពុកម្តាយ៖ លោក Min Thu Wun និងលោកស្រី Kyi Kyi
* កន្លែងស្នាក់នៅ៖ វិមានប្រធានាធិបតី
* កន្លែងសិក្សា៖ វិទ្យាស្ថានសេដ្ឋកិច្ច Yangon សកលវិទ្យាល័យ Arthur D.Little School of Management
* សាសនា៖ ពុទ្ធសាសនា

* ជីវិតពីកុមារភាព៖

កុមារ Htin Kyaw កើតនៅក្នុងទីក្រុង Rangoon ប្រទេស មីយ៉ាន់ម៉ា ទទួលបានចូលសិក្សានៅសាលា English Methodist Hight School ក្នុងឆ្នាំ១៩៦២។ ក្រោយមកលោកបានចូលសិក្សានៅវិទ្យាស្ថានសេដ្ឋកិច្ច Rangoon ព្រមទាំងបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៦៨។ លោកចាប់ផ្តើមការងារជាគ្រូបង្រៀន ខណៈកំពុងសិក្សាថា្នក់បរិញ្ញាប័ត្រជាន់ខ្ពស់។ បន្ទាប់មកលោកបានផ្លាស់ប្តូរទៅធ្វើការនៅ សកលវិទ្យាល័យមជ្ឈមណ្ឌលកុំព្យូទ័រ ក្នុងនាមជាអ្នកវិភាគប្រព័ន្ធ និងកម្មវិធីកុំព្យូទ័រក្នុងឆ្នាំ១៩៧០។

លោក Htin Kyaw ទទួលបានអាហារូបករណ៍ដើម្បីសិក្សាបន្ត នៅវិទ្យាស្ថានវិទ្យាសាស្ត្រកុំព្យូទ័រ សកលវិទ្យាល័យទីក្រុងឡុងន៍ក្នុងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ និងសិក្សានៅសហភាពអេឡិចត្រូនិចអាស៊ីក្នុងទីក្រុង តូក្យូ ក្នុងឆ្នាំ១៩៧៤។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជាលើកទីពីរក្នុងឆ្នាំ១៩៧៥។

* ជីវិតឯកជន៖
លោក Htin Kyaw បានរៀបការជាមួយលោកស្រី Su Su Lwin តាំងពីឆ្នាំ១៩៧៣ លោកស្រីជាតំណាងរាស្ត្រប្រចាំទីក្រុង Thongwa Township និងជាសមាជិកគណកម្មាធិការទំនាក់ទំនងអន្តរជាតិ ប្រចាំសភាតំណាងរាស្ត្រ។ គូស្វាមីភរិយាទំាងពីរគ្មានកូននោះទេ។ ឪពុករបស់លោកជាអ្នកនិពន្ធ តែងកំណាព្យ និងអ្នកវិទូដ៏ល្បីល្បាញ ចំណែកឪពុកក្មេករបស់លោក គឺលោក U Lwin ជាសហស្ថាបនិករបស់បក្ស NLD។

* អាជីព៖
ក្នុងឆ្នាំ១៩៧៥ លោក Htin Kyaw បានចូលបម្រើការងារនៅក្រសួងឧស្សាហកម្ម២ ក្នុងនាមជាតំណាងប្រធានបែងចែក។ ក្នុងឆ្នាំ១៩៨០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសេដ្ឋកិច្ចបរទេស រដ្ឋមន្ត្រីគម្រោង និងហិរញ្ញវត្ថុ ហើយលាលែងពីការងាររដ្ឋាភិបាលក្នុងឆ្នាំ១៩៩២។

លោកត្រូវបានចាប់ខ្លួនក្នុងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០០ ព្រមទាំងជាប់ពន្ធធនាគារយៈពេល៤ខែ ពីបទជួយរត់ការលោកស្រី អង់សានស៊ូជី ក្នុងការធ្វើដំណើរ ចេញពីទីក្រុង Yangon។ ចាប់ពីឆ្នាំ២០១០មក លោកបានធ្វើការក្នុងនាមជាប្រធានប្រតិបត្តិជាន់ខ្ពស់របស់មូលនីធិ Daw Khin Kyi ដែលត្រូវបានបង្កើតឡើង ដោយលោកស្រី Aung San Suu Kyi ដែលបានដាក់ថា Khin Kyi គឺដាក់ឈ្មោះតាមម្តាយរបស់លោកស្រី។

បើទោះបីជាលោកមិនមែនជាសមាជិករបស់បក្សសម្ព័ន្ធភាព ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា NLD តែលោក Kyaw បានធ្វើការយ៉ាងជិតស្និតជាមួយលោកស្រី Aung San Suu Kyi នៅការិយាល័យបក្ស។ ដោយសារទំនាក់ទំនងជិតស្និតបែបនេះ លោកត្រូវបានគេសន្និដ្ឋានថា អាចនឹងក្លាយជាជម្រើសទីមួយ ក្នុងការធ្វើជាប្រធានាធិបតី បន្ទាប់ពីបក្ស NLD ទទួលបានជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៥។ លោកស្រី Aung San Suu Kyi បានបញ្ជាក់ថា លោកស្រីបានជ្រើសរើសលោកធ្វើជាប្រធានាធិបតីដោយសារភាពស្មោះត្រង់ និងការអប់រំខ្ពស់។

* តំណែងប្រធានាធិបតី៖

ការពិតទៅដំណែងជាប្រធានាធិបតី ត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់លោកស្រី Aung San Suu Kyi។ ជាអកុសលរដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យអ្នកណា ដែលមានឪពុកម្តាយ ស្វាមីភរិយា ឬកូនជាជនជាតិបរទេស ធ្វើជាប្រធានាធិបតីបានឡើយ។ ដោយស្វាមីចុងក្រោយលោកស្រី Aung San Suu Kyi និងកូនទាំងពីររបស់លោកស្រី ជាជនជាតិអង់គ្លេស ហេតុនេះលោកស្រីមិនអាចក្លាយជាប្រធានធិបតីបានឡើយ។

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោក Htin Kyaw បានស្បថចូលកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីលោក Thein Sein ដែលជារបបយោធា។

បើទោះបីជាលោក Htin Kyaw ត្រូវបានតែងតាំងក្លាយជាមេដឹកនាំឯករាជ្យម្នាក់ តែលោកស្រី Aung San Suu Kyi បានបញ្ជាក់ថា នឹងប្រឈមុខដោយផ្ទាល់រាល់បន្ទុកការងារជាប្រធានាធិបតី និងដឹកនាំប្រទេសតាមរយៈលោក Htin Kyaw។

លោកស្រីបានប្រកាសជាសាធារណៈតាំងពីមុនលោក Htin Kyaw ជាប់ឆ្នោតថា លោកស្រីនឹងគ្រប់គ្រងបន្តពីលើប្រធានាធិបតី និងធ្វើសេចក្តីសម្រេចរាល់កិច្ចការសំខាន់ៗ ក្នុងនាមជាទីប្រឹក្សារដ្ឋម្នាក់៕