គណៈកម្មការទី៨ រដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់លើចក្ខុវិស័យរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាពខ្ពស់


(សៀមរាប)៖ គណៈប្រតិភូ គណៈកម្មការទី៨ នីតិកាលទី៦ នៃរដ្ឋសភាកម្ពុជា ដែលជាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ជាប្រធានគណៈកម្មការ រួមនិងប្រតិភូរួមដំណើរ ដែលមានវត្តមានលោកអនុប្រធាន, លោកលេខាធិការ, និងសមាជិក សមាជិកា បានចុះបំពេញបេសកកម្មការងារ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមណ្ឌលសុខភាពគោកចក (ក្រុងសៀមរាប) នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បន្ទាប់ពីស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍនភាព, សមិទ្ធិផល និងបញ្ហាប្រឈមមួយចំនួន រួមនិងផែនការអនុវត្តបន្ត របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប/ មន្ទីរសុខាភិបាលខេត្ត លោកជំទាវ ឡោក ខេង ក្នុងនាមគណៈកម្មការទី៨ គឺបានវាយតម្លៃខ្ពស់ លើចក្ខុវិស័យរបស់មន្ទីរសុខាភិបាល ដែលបានធ្វើឱ្យការបំរើសេវាសុខាភិបាល មានការកើនឡើង និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ និងសាធារណៈជនទូទៅផងដែរ។

លោកជំទាវបានបន្តទៀតថា គណៈកម្មការទី៨ ពិតជាមានមោទនភាព ចំពោះ ការខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិក និងថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ហើយមានសាមគ្គីគ្នា ក្នុងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ដោយឡែក នៅមណ្ឌលសុខភាពគោកចក គឺមានការខិតខំ គាំទ្រ និងការផ្ដល់សេវាដល់ប្រជាពលរដ្ឋបសនយ៉ាងល្អផងដែរ។

លោកជំទាវ ក៏បានកោតសរសើរពីក្រមសីលធម៌ល្អ ការយកចិត្តទុកដាក់ខ្ពស់របស់គ្រូពេទ្យ មន្ត្រី បុគ្គលិក នៃមន្ទីរពេទ្យបង្អែក ក៏ដូចជា នៅតាមមណ្ឌលសុខភាពនានា នៅក្នុងខេត្តសៀមរាប ដែលបានមើលថែ ផ្ដល់សេវាយ៉ាង ដិតដល់ ជូនចំពោះ ប្រជាពលរដ្ឋ ខណៈពួកគាត់មកសម្រាក ពិនិត្យ ព្យាបាល ពេលពួកគាត់មាន ជំងឺ និងត្រូវទទួលការព្យាបាលជាបន្ទាន់ ឬអ្នកមកពិគ្រោះ ពិនិត្យ និងទទួលសេវាសុខភាពនានារបស់រដ្ឋនៅថ្នាក់ខេត្ត និងតាមមូលដ្ឋាន។

ដោយលោកជំទាវ បានមើលឃើញថា ប្រជាជនយើងកំពុងរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីបញ្ហាជំងឺមិនឆ្លង ដោយសារការមិនបានយល់ដឹងពីហានិភ័យពីវិធានការការពារ នៃជំងឺមិនឆ្លង ដែលជាឃាតករដ៏ស្ងាត់ស្ងៀមសម្លាប់ប្រជាជនយើង ក្នុងចំនួនគួរឱ្យព្រួយបារម្ភ ពីមួយថ្ងៃ ទៅមួយថ្ងៃនោះ ទើបគណ:កម្មការទី៨ នៃរដ្ឋសភា បានសុំឱ្យខាងមន្ទីរសុខាភិបាល ពិសេសមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រៀបចំ សម្រួលដាក់ផ្ទាំងប៉ាន់ណូ ផ្សព្វផ្សាយ ស្ដីអំពី បញ្ហាជំងឺមិនឆ្លង នៅតាមជ្រុងរបងដែលជាប់និងដងផ្លូវ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង ពីហានិភ័យ និងវិធានការការពារ នៃជំងឺមិនឆ្លងទាំងនេះ ផងដែរ៕