ខេត្តកំពង់ចាម​ បេីក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដេីម្បី​លេីក​ទិសដៅ​ឆ្នាំ​២០២០


កំពង់ចាម​: នៅ​សាលប្រជុំ​សាលា​ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ បាន​បេីក​កិច្ចប្រជុំបូក​សរុប​លទ្ធផល​​ការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា​ ក្រោម​អធិបតីភាព​ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស​ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ​ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​។

បេីតាម​របាយការណ៍​របស់​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ បាន​ឲ្យដឹងថា​ នៅក្នុងភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក្នុងឆ្នាំ២០១៩កន្លងទៅ​ មានករណី​គ្រោះអគ្គីភ័យ​ មានចំនួន៣៦ បណ្តាលឲ្យឆេះផ្ទះ៥៥ខ្នង ឆេះឡូចំហុយថ្នាំជក់០១កន្លែង​ កុដិលោក០១ខ្នង​ និងអគាររោងចក្រ០១ខ្នង​។ ករណី​ខ្យល់​កន្ត្រាក់​ មានចំនួន២៤ករណី​ បណ្តាលឲ្យរលំផ្ទះ​ចំនួន​៤៥ខ្នង​ របើកដំបូលផ្ទះ៤២១ខ្នង​ របើកដំបូលព្រះវិហារ​ កុដិ​ សាលាឆាន់០៧ខ្នង​ របើកដំបូលអគារសិក្សា១៥ខ្នង​ និងរបួសមនុស្សចំនួន០៣នាក់។ ករណី​រន្ទះបាញ់មានចំនួន០៩ករណី​ បណ្តាលឲ្យស្លាប់​មនុស្ស​០៤នាក់​ របួស១០នាក់​ ងាប់គោ០៣ក្បាល​ បាញ់សសរផ្ទះ០២ខ្នង​ និងដំបូលអគារសិក្សា០១ខ្នង​។ ករណី​បាក់ស្រុត​ច្រាំងទន្លេ​ មានចំនួន០៧ករណី​ ប្រវែង១៩,៦៥២ម៉ែត្រ​ ទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ​ ក្នុងនោះ ខូចផ្លូវលេខ២២៣ ប្រវែង៣០០ម៉ែត្រ​ ស្រុតខឿនការពារច្រាំងទន្លេប្រវែង៥០ម៉ែត្រ​ និងផ្ទះចំនួន៧៧ខ្នង​ត្រូវបាន​រុះរើ​។ ដោយឡែក​អំពីស្ថានភាពកម្ពស់ទឹកទន្លេ​មេគង្គ​ក្នុងឆ្នាំ​២០១៩​ ខេត្តកំពង់ចាម​ទទួលរងផលប៉ះពាល់​ចំនួន០៩ក្រុង-ស្រុក​ ស្មើនឹង៤៧ឃុំ-សង្កាត់​ បណ្តាលឲ្យ​ប៉ះពាល់​ ២៧,៨៣៣គ្រួសារ​ ស្លាប់​មនុស្ស​ចំនួន១០នាក់​ លិចផ្ទះចំនួន២២,១៣៤ខ្នង​ សាលារៀន៦៨កន្លែង វត្តចំនួន៥៨កន្លែង វិហារ​ឥស្លាម​០៧ន្លែង និង​មណ្ឌលសុខភាព០៥កន្លែង​ ជម្លៀសប្រជាពលរដ្ឋចំនួន៤,១៧៨គ្រួសារ​ និងសត្វ​គោចំនួន៩,៥២០ក្បាល​ ទៅកាន់ទួលសុវត្ថិភាព​ ផង​ដែរ​។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងការកោតសរសើរ ចំពោះ​មន្ត្រី​កពាក់ព័ន្ធទាំងអស់ដែលបានខិតខំ​ធ្វេី​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ព្រមទាំង​បាន​ធ្វេី​ការ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​រួម​សហការ​គ្នា​ អន្តរាគមន៍ជួយសង្គ្រោះដល់ប្រជា​ពលរដ្ឋ​ ដែល​រងផលប៉ះពាល់ដោយគ្រោះ​ធម្មជាតិ​ ខ្យល់​កន្ត្រាក់​ អគ្គិភ័យ និងឧបទ្ទវហេតុផ្សេង​ៗ ឲ្យ​ទាន់ពេលវេលា​ ហើយ​ត្រូវ​យក​បទពិសោធន៍​នាពេល​កន្លង​មក​ ដេីម្បី​លេីក​ទិសដៅ​ឆ្នាំ​២០២០នេះ​ផងដែរ​។ ជា​ពិសេស​មិន​ត្រូវបំភ្លេច​ពីគុណ​បំណាច់​របស់​អតីត​យុទ្ធជន​ ដែល​មាន​ស្នាដៃ​បម្រើ​ជាតិ​នោះ​ឡេីយ​ ៕