ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តជួបនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី


បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCo) ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តជួបលោក ចិនចូ ណ័រប៊ូ នាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ដើម្បីពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើនៅព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត តាមរយៈអង្គការ AFoCo ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ដែលជាមិត្តនិងដៃគូដ៏ល្អសម្រាប់កម្ពុជា តាមរយៈការផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយឧបត្ថម្ភគាំទ្រដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះតែម្តង។ ពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ នឹងបន្តផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាអភិរក្ស និងអភិវឌ្ឍន៍វិស័យនេះប្រកបដោយប្រសិទ្ធភាព ចីរភាព និងនិរន្តរភាព។ ហើយដើម្បីឲ្យការងារនេះ ទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីកូរ៉េបន្តផ្តល់កិច្ចសហការក្នុងការគាំទ្រដល់ការបង្កើនសម្ថភាពមន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើ ដោយផ្តោតភ្ជង់សំខាន់ទៅការការពារ អភិរក្ស និងការធ្វើកសិកម្មចម្រុះ ដើម្បីបង្កើនប្រាក់ចំណូល និងកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ និងប្រជាជន។

ជាការឆ្លើយតប លោកនាយកប្រតិបត្តិនៃអង្គការ AFoCo ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើដែលបានគាំទ្រ និងផ្តល់កិច្ចសហការដ៏ល្អមកក្រុមការងារនៃអង្គការ AFoCo នាពេលបច្ចុប្បន្ន និងកន្លងមក។ កិច្ចសហការដ៏ប្រសើរនេះ បានឲ្យភាគីទាំងពីររួមគ្នាសម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន ហើយលោកបន្ថែមថា ពិធីប្រគល់-ទទួលនារសៀលនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈរបស់ភាគីកូរ៉េក្នុងការបន្តផ្តល់ការគាំទ្រមកភាគីកម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វិស័យព្រៃឈើ។ ទន្ទឹមនឹងនេះ លោកក៏បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងយកទៅពិនិត្យលទ្ធភាពដើម្បីបញ្ចូលក្នុងគម្រោងគាំទ្រនាពេលអនាគត។