អាជ្ញាធរជាតិអប្សរារៀបចំវគ្គសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ជាលើកទី៥


នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាលើកទី៥ហើយ នៃការរៀបចំវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទគោលដៅ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសជប៉ុន (អង្គការ Srolanh project NPO) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា កន្លងមកនាយកដ្ឋានបានរៀបចំវគ្គសង្រ្គោះបឋមបាន៤លើករួចមកហើយ ដែលអ្នកចូលរួមសរុប១៦០នាក់។ ចំណែកលើកទី៥នេះ មានអ្នក ចូលរួម៤០នាក់ គឺភ្នាក់ងារទេសចរណ៍៣០នាក់ សណ្តាប់ធ្នាប់១០នាក់។

ចំពោះវគ្គសង្គ្រោះបឋមនេះ ត្រូវបានរៀបចំ២ដងក្នុងមួយឆ្នាំ គឺរៀងរាល់ខែកុម្ភៈនិងខែកក្កដា ដែលផ្តោតលើមេរៀនសំខាន់ៗដូចជា ការធ្វើចលនាបេះដូង របៀបរុំរបួស ការលើកជនរងគ្រោះ។ល។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់ចំណេះដឹងផ្នែកសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរណ៍តាមប្រាសាទ ជាភារកិច្ចចាំបាច់បំផុតសម្រាប់អាជ្ញាធរជាតិអប្សរា ដើម្បីឱ្យភ្នាក់ងារទេសចរណ៍អាចមើលថែនិងជួយសង្គ្រោះភ្ញៀវទេសចរបានទាន់ពេលវេលា ករណីភ្ញៀវជួបគ្រោះថ្នាក់ជាយថាហេតុ។ កាយវិការនិងការគិតគូរពីសុខទុក្ខ សុវត្ថិភាពចំពោះភ្ញៀវដូច្នេះ កន្លងមកទទួលបានការគាំទ្រ ការថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងខ្លាំងចំពោះស្ថាប័នមួយនេះ៕