កិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយទំនាស់ដីធ្លីនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ


នៅរសៀល ថ្ងៃច័ន្ទ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ ដោះស្រាយទំនាស់ដីធ្លីនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ រវាង ឈ្មោះ គឹម សោភ័ណ្ឌ មន្ត្រីនគរបាលខេត្ត និងប្រជាពលរដ្ឋ ។ ដោយមានការចូលរួមពី អភិបាលស្រុកទឹកឈូ មន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ មេភូមិ និងប្រជាពលរដ្ឋសរុប២៥ នាក់។

ជាលទ្ធផលកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានធ្វើការសម្របសម្រួលដល់គូភាគីទំនាស់ ឱ្យមានការសម្បទានយោគយល់គ្នាទៅវិញទៅមកតាមគោលការណ៍ឈ្នះឈ្នះ។ ឯកឧត្ត​ម​អភិបាល​ខេត្ត​បានបញ្ជាក់ថា​ រដ្ឋបាលខេត្តគឺជា សេនាធិការឱ្យរាជរដ្ឋាភិបាលហើយការដោះស្រាយទំនាស់ដីធ្លីក្នុងជំហានដំបូងគឺ រដ្ឋបាលខេត្ត ពុំមានជម្រើសណា ក្រៅពីការសម្របសម្រួលសម្បទានគ្នារវាងភាគីទំនាស់បានឡើយ គឺអនុវត្តន៍ទៅតាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ក្រៅប្រព័ន្ធតុលាការ។

-សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពីបញ្ហាទំនាស់ដីធ្លីនេះ បន្ទាប់ពីបានជ្រាបនូវរបាយការណ៍របស់អាជ្ញាធរ ក៏ដូចការស្នើសុំ អន្តរាគមន៍​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការសម្របសម្រួល​ដោះស្រាយ ជូនពួកគាត់និង ផ្អែកលើ ចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តបានចាត់បញ្ជូនឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មានការចុះសិក្សាស្វែងយល់ជាក់ស្តែងដល់ទីតាំងដីទំនាស់កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីបានជាមូលដ្ឋានធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ។