អ្នកជំនាញអាជ្ញាធរជាតិអប្សរាចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រអង្គរដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៣៦០នាក់


និស្សិតមហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន៣៦០នាក់ បានមកបំពេញទស្សនកិច្ចសិក្សានិងស្វែងយល់ពីប្រវត្តិសាស្ត្រអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងនៅតំបន់រមណីយដ្ឋានអង្គរចាប់ពីថ្ងៃទីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោកសាស្ត្រាចារ្យ អ៊ិន សារិន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានថ្លែងអំណរគុណដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលបានចំណាយពេលវេលាចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រអង្គរដល់និស្សិត និងចាប់អារម្មណ៍ជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាលើកិច្ចការអភិរក្ស ជួសជុល និងការអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរ ពិសេសលើការថែរក្សាមរតក វប្បធម៌ ជំនឿអរូបីជាមួយអ្នកស្រុក។

លោកសាស្ត្រាចារ្យ ក៏សង្ឃឹមថា នឹងបានចងស្ពានមេត្រីគ្នារវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងក្រុមការងារស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរាឱ្យកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ដើម្បីផ្តល់ឱកាស ចំណេះដឹង ការងារដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀនសូត្របន្ថែមពីទីនេះកាន់តែច្រើននៅថ្ងៃអនាគត។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ តំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រអង្គរដល់និស្សិតទាំងអស់ ហើយក៏បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា គឺជាស្ថាប័នការងារមួយបានផ្តល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈច្រើនជាងគេសម្រាប់ហាត់ការរយៈពេលខ្លី និងការងារអចិន្ត្រៃយ៍ផងដែរ ពិសេសមហាវិទ្យាល័យបុរាណវិទ្យា។

លោក រិទ្ធី បន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយក្នុងការផ្តល់កិច្ចសហការ ការបណ្តុះបណ្តាល និងទទួលយកនិស្សិតទាំងក្នុងពេលកំពុងសិក្សានិងបញ្ចប់ការសិក្សាហើយ ដើម្បីមកអនុវត្តកិច្ចការនៅទីនេះតាមគម្រោងនីមួយៗដែលធ្លាប់បានផ្តល់ជូនកន្លងមក ហើយនឹងមានជាបន្តបន្ទាប់ទៀត៕