ឯកឧត្តម ថោ ជេដ្ឋា​ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល និងការប្រមូលផលស្រូវប្រាំង នៅប្រព័ន្ធធារាសាស្ត្រអាងទឹកដំរីត្រាំ


នៅថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល និងការប្រមូលផលស្រូវប្រាំង នៅប្រព័ន្ធធារាសាស្ត្រអាងទឹកដំរីត្រាំ ស្ថិតក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ការងារ​ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនាពេលថ្មីៗកន្លងទៅនេះ មានផ្ទៃដីចំនួន ២៣០ហិកតា តាមការវាយតម្លៃមកដល់ពេលនេះ ផ្ទៃដីស្រូវទាំងអស់បានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ បច្ចុប្បន្នបងប្អូនកសិករកំពុងប្រមូលផលច្រូតកាត់ជាបណ្តើរៗ។
ផ្អែកតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ការងារបង្កបង្កើនផលស្រូវប្រាំងនៅទូទាំងខេត្តបានបញ្ចប់ហើយ អនុវត្តបានចំនួន ១០,៩២០ហិកតា ស្មើនឹង១០០,១៨% នៃផែនការ។ ចំពោះការប្រមូលផលគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ច្រូតកាត់បានចំនួន ៨,៩០០ហិកតា ស្មើនឹង ៨១,៥០% ទិន្នផលមធ្យមស្មើ ៤,០១ T/h ៕