ពិធីបិទសិក្ខាសាលា​ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩​ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០​ នៃការអនុវត្តការងារច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​


ព្រឹកថ្ងៃអង្គារ​ ៣កេីត​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៥​ ខែ​កុម្ភះ​ ឆ្នាំ២០២០​ នៅសាលាខេត្តកំពតមានរៀបំពិធីបិទសិក្ខាសាលា​ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩​ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០​ នៃការអនុវត្តការងារច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ប្រាក់​ សំអឿន​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួងមហាផ្ទៃ។

មានសមាសភាពអញ្ជេីញចូលរួមពីឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ ឯកឧត្តម​ តំណាងប្រធានក្រុមប្រឹក្សាខេត្ត​ និងសិក្ខាកាមដែលអញ្ជេីញមកពីរាជធានីខេត្ត​ ប្រមាណ៥០០នាក់។

ឯកឧត្តម​ អគ្គនាយកបានមានប្រសាសន៍ថា ការបង្កើតឡើងនូវយន្តការច្រកចេញចូលតែមួយ និងយន្តការសម្រុះសម្រួលដោះស្រាយ​​បណ្តឹងតវ៉ាបស់ប្រជាពលរដ្ឋ គឺមាន​ទិស​ដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋដោយរដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋ ហើយដែលអាចអនុវត្ត​កិច្ចការនោះ​ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាទាំងនោះកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋជាមួយរដ្ឋបាលសាធារណៈ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល​បាន​​ប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកយន្តការច្រកចេញចូលតែមួយ និងការិយាល័យ​ប្រជាពលរដ្ឋទៅថ្នាក់រដ្ឋបាលផ្សេងទៀត។ ជាក់ស្តែង គិតមកដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានី ខេត្តទាំង២៥ បានដាក់ឱ្យដំណើរការជាផ្លូវការរួចហើយនូវ​អង្គភាព​​ច្រកចេញ​ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រោម​អធិប​តី​ភាពរបស់​សម្តេច ក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ ទន្ទឹមនេះ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន១១៥ ដែលស្មើនឹង៥៤%នៃចំនួនរដ្ឋបាលក្រុង ស្រុក ខណ្ឌសរុប​ទូទាំង​ប្រទេសក៏បានដាក់ឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនរួចហើយផងដែរ។ រដ្ឋបាលស្រុក​​ដែលនៅសល់ក៏នឹងត្រូវបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២០នេះដែរ ស្របតាមខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលទើបដាក់ចេញកាលចុងឆ្នាំ២០១៩កន្លងមក​។