តំបន់ប្រតិបត្តិការសឹករងរតនគិរីប្រារព្ធសន្និបាតបូកសរុបការងារយោធាឆ្នាំ២០១៩ និងលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២០


(រតនាគិរី)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងរតនគិរី មានការរៀបចំប្រារព្ធសន្និបាតបូកសរុបការងារយោធាឆ្នាំ២០១៩ និងលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២០របស់តំបន់ប្រតិបត្តិការសឹករងរតនគិរីក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ យោធភូមិភាគទី១ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងការធ្វើរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់តំបន់ប្រតិបត្តិការសឹករងរតនគិរី ដែលអានដោយលោក ឧត្តមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង រតនគិរីរួចមកឯកឧត្តម ថង សាវុន និងឯកឧត្តមឧត្តមសេនីយ៍ឯក ហួត ឈាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះតំបន់ប្រតិបត្តិការសឹករងរតនគិរី នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកន្លងមកបានចូលរួមចំណែក យ៉ាងសកម្ម ទាំងក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អប្រសើរ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

ជាមួយនេះលោកគណៈអធិបតីក៏បានផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ មួយចំនួនដល់តំបន់ ប្រតិបត្តិការសឹករងរតនគិរី និងកងកម្លាំងទាំងអស់ឲ្យបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អប្រសើរ ថែមទៀត ជាពិសេស ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាព នាពេលបច្ចុប្បន្ន ដែលរកបានមកដោយ លំបាកក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ការពារឲ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណាដែលមានបំណង ធ្វើបដិវត្តន៍ពណ៌ ឬផ្ដួលរំលំរាជរដ្ឋាភិបាលដែលនាំទៅដល់ការបំផ្លាញនូវសុខសន្តិភាព ការអភិវឌ្ឍ ប្រទេសជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕