សម្ដេចតេជោ ហ៊ុន សែន៖ ដរាបណាគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែនោះឡើយ


(បន្ទាយមានជ័យ)៖ ថ្លែងចេញពីខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែរបស់កសិករនោះឡើយ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្ដប្រកាសថា រយៈពេល៤១ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធដី លើដីកសិកម្ម របស់កសិករនោះទេ ហើយប្រសិនបើគណបក្សប្រជាជនកម្ពុជា កាន់អំណាច១០០ឆ្នាំទៀត ក៏យើងនៅតែមិនយកពន្ធ លើដីធ្លីកសិកម្មតទៅទៀត»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជា អត់មានតម្រូវការ យកពន្ធលើដីកសិកម្មនោះទេ។

ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា ប្រទេសនៅលើពិភពលោកនេះ មានប្រទេសតិចណាស់ ដែលមិនយកពន្ធលើដី ឯកម្ពុជាយកពន្ធដី តាំងពីសម័យបារាំង ចូលមកត្រូតត្រា រហូតដល់មានភូមិមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលគេហៅថា «ភូមិតិរិច្ឆាន»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ប្រវិត្ដនៃការយកពន្ធដីសម្រាប់កម្ពុជា ក្រោយរំដោះ ៧មករា ១៩៧៩ កម្ពុជា អត់ដែលយកពន្ធដីនោះទេ ហើយកម្ពុជា មិនពឹងផ្អែកលើពន្ធដី ដើម្បីចិញ្ចឹមមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយកមកវិនិយោគទេ៕