ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្លែងការដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលស្វាគមន៍នាវា Westerdam ចូលចតក្នុងនោះក៏មានប្រជាជនជប៉ុនផងដែរ


(ភ្នំពេញ)៖ ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក មីកាមី ម៉ាសាហ៊ីរ៉ូ បានថ្លែងនូវការគោរពដឹងគុណចំពោះការយោគយល់ និងរួមចំណែកដ៏ធំធេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ភាគីពាក់ព័ន្ធ និងប្រជាជនកម្ពុជាទាំងអស់ សម្រាប់ការទទួលស្វាគមន៍នាវាទេសចរណ៍ MS Westerdam ដែលមានអ្នកដំណើរជាច្រើន រួមទាំងជនជាតិជប៉ុនផងដែរ បានធ្វើដំណើរ និងការខិតខំប្រឹងប្រែងសម្រួលដល់អ្នកដំណើរទំាំងអស់ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ។

ការថ្លែងបែបនេះរបស់ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរូបនេះ ក្នុងពិធីប្រគល់-ទទួលសម្ភារបរិក្ខារវេជ្ជសាស្ដ្រ សម្រាប់បម្រើឱ្យការការពារ និងឆ្លើយតបការរាតត្បាតនៃជំងឺកូរ៉ូណាថ្មី (COVID-19) ក្រោមជំនួយឥតសំណងរបស់ជប៉ុន មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។

លោក មីកាមី ម៉ាសាហ៊ីរ៉ូ បានថ្លែងបន្ដថា ជាផ្នែកមួយនៃការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុស COVID-19 និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ អាវបំពង់ អាកុល សម្អាតដៃ វ៉ែនតា ការពារសុវត្ថិភាព និងស្រោមដៃ ជាដើមដល់កម្ពុជា ។

លោកថ្លែងបន្ដថា «ខ្ញុំសង្ឃឹមថា សម្ភារបរិក្ខារទាំងនេះ នឹងជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជា ដែលប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសនេះ និងដើម្បីបង្ការការរីករាលដាលនៃវីរុស COVID-19 នេះបន្ថែមទៀត។ ខ្ញុំសង្ឃឹមថា យើងអាចពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកជាដើម ។ជាពិសេសតាមរយៈកិច្ចសហប្រតិបត្ដិការនេះ ចំណងមិត្ដភាព រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន នឹងកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត»

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន និងជូនចំពោះស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ ដល់កម្ពុជា ក្នុងការត្រៀមរៀបចំឆ្លើយតបការរីករាលដាលនៃជំងឺកូរ៉ូណារវីរុស (COVID-19)។

រដ្ឋមន្ដ្រីបានថ្លែងបញ្ជាក់ថា «នេះមិនមែនជាលើកទីមួយទេ ដែលគម្រោងជំនួយរបស់ប្រទេសជប៉ុន មកដល់កម្ពុជា គឺមានតាំងពីឆ្នាំ១៩៩៥ ដល់បច្ចុប្បន្ននេះ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាដើម»

ក្នុងនោះរួមមាន៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មន្ទីរពេទ្យបង្អែក មង្គលបុរី, មន្ទីរពេទ្យបង្អែក ខេត្ដកំពង់ចាម, មន្ទីរពេទ្យបង្អែក ខេត្ដព្រះសីហនុ, មន្ទីរពេទ្យបង្អែក ខេត្ដស្វាយរៀង, មន្ទីរពេទ្យបង្អែក ខេត្ដបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ដែលកំពុងតែស្ថិតនៅដំណាក់កាលសិក្សា។

ជំនួយមនុស្សធម៌ របស់រដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃនេះ ជាផ្នែកមួយនៃជំនួយសម្ភារបរិក្ខារវេជ្ជសាស្ដ្រ សម្រាប់បម្រើឱ្យការការពារ និងការឆ្លើយតបការរាតត្បាត នៃជំងឺកូរ៉ូណាថ្មី COVID-19ទាំងអស់ រួមមាន៖ កញ្ចប់តេស្ដរហ័សចំនួន ១,០០០កញ្ចប់, សម្ភារបង្ការបុគ្គលិកសុខាភិបាល ចំនួន ១ម៉ឺនកំផ្លេ, កញ្ចប់មន្ទីរពិសោធន៍ ចំនួន១ពាន់កញ្ចប់, ម៉ាស់ និងម៉ាស៊ីនស្កេនកំដៅ ចំនួន១០គ្រឿង។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រីបន្ដថា «សម្ភារទាំងនេះ មិនត្រឹមតែទុកប្រើសម្រាប់ឆ្លើយតបនឹងវីរុស COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សម្ភារវេជ្ជសាស្ដ្រដែលនៅសល់បន្ថែមទៀត នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ»

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានថ្លែងទៅកាន់ភាគីជប៉ុនថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា មានការរីកចម្រើនសំខាន់ជាច្រើន ដូចជាវិស័យអប់រំ សង្គមសេដ្ឋកិច្ច សុខសន្ដិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាពលរដ្ឋ៕