ក្រសួងសុខាភិបាលច្រានចោលការបង្ហោះព័ត៌មាននៅលើ Facebook ចំនួន៣ទៀតដែលបំភ្លៃអំពីជំងឺកូរ៉ូណាថ្មីនៅក្នុងប្រទេសកម្ពុជា


លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានច្រានចោលការផ្សព្វផ្សាយរបស់ Facebook ចំនួន៣ ថែមទៀត ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬCOVID-19 នៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឱ្យសមត្ថកិច្ចបន្តចាត់វិធានការតាមច្បាប់ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូណានៅក្នុងប្រទេសកម្ពុជានេះផងដែរ។

នាពេលកន្លងទៅ Facebook មួយដែលធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូរ៉ូណាថ្មីក៏ត្រូវបានក្រុមហ៊ុន Facebook ឯកភាពតាមសំណើរបស់ក្រសួងព័ត៌មានបិទចោលផងដែរ ហើយក្រសួងព័ត៌មានក៏បានរៀបចំឯកសារស្នេីឱ្យបិទFacebok មួយចំនួនទៀត ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្កមានការភាន់ច្រឡំដល់សាធារណជន ក្នុងចេតនាបំភិតបំភ័យប្រជាពលរដ្ឋពីជំងឺកូរ៉ូណាថ្មី។

រហូតមកទល់ពេលនេះ នៅកម្ពុជាមានជំងឺកូរ៉ូណាថ្មីតែមួយករណីប៉ុណ្ណោះគឺនៅលើខ្លួនជនជាតិចិនម្នាក់ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែជនជាតិចិនរូបនេះ ក៏ត្រូវបានព្យាបាលជាសះស្បើយ ហើយចាកចេញពីប្រទេសកម្ពុជាត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ។

ក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ បានប្រកាសថា រហូតមកដល់ពេលនេះមិនទាន់មានវត្តមាននៅកូរ៉ូណាថ្មីទៀតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រនៅតែបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីតាមដាន និងពិនិត្យសុខភាពលើមនុស្សជនសង្ស័យនៅក្នុងប្រទេសកម្ពុជាផងដែរ៕