ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សារមន្ទីរព្យាការី មូហាំម៉ាត់ ធំជាងគេលើពិភពលោកនៅឥណ្ឌូនេស៊ី


(ហ្សាការតា-ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់សារមន្ទីរព្យាការី មូហាំម៉ាត់ ធំជាងគេលើសាកលលោក នៅទីក្រុងហ្សាការតា ដែលជាព្រះរាជអំណោយរបស់ ព្រះចៅ សាល់ម៉ាន ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមអធិបតី អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jusuf kalla ប្រធានក្រុមប្រឹក្សាវិហារឥស្លាម ឥណ្ឌូនេស៊ី។

សារមន្ទីរឥស្លាម ដែលធំជាងគេបំផុតមិនធ្លាប់មាននេះ ត្រូវបានសម្ព័ន្ធពិភពមុស្លិម (RABITA) និងក្រុមប្រឹក្សាវិហារឥស្លាមឥណ្ឌូនេស៊ី (DMI) បានរួមគ្នាដើម្បីសាងសង់ ឡើងសម្រាប់ប្រវត្តិសាស្ត្រ និងអរិយធម៌ឥស្លាម ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំ។

អគ្គលេខាធិការ RABITA លោកបណ្ឌិត Mohammed bin Abdulkarim Al-Issa និងរដ្ឋមន្រ្តីក្រសួងកំណែទម្រង់ រដ្ឋបាលឥណ្ឌូនេស៊ី និងអនុប្រធាន DMI លោក Syafruddin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសាងសង់ នៅទីក្រុង Jeddah កាលពីខែតុលា ឆ្នាំ២០១៩។

សារមន្ទីរនេះនឹងត្រូវបានបង្កើតឡើងជាសាខា នៃទីស្នាក់ការកណ្តាលរបស់ខ្លួន នៅក្នុងទីក្រុងម៉ាឌីណះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានបើកសម្ពោធ កាលពីខែរ៉ាម៉ាឌន ឆ្នាំ២០១៩ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ Faisal bin Salman ចៅហ្វាយក្រុងម៉ាឌីណះ។ ទទួលបានការទទួលស្គាល់ជាអន្តរជាតិ ហើយ RABITA ក៏ទទួលបានសំណើពី២៤ប្រទេស រួមទាំងឥណ្ឌូណេស៊ី ដើម្បីជួយបង្កើតសាខានៅប្រទេសខ្លួន។

សារមន្ទីរនៅឥណ្ឌូនេស៊ី ដែលជាសាខាដំបូងគេនេះ នឹងដាក់បង្ហាញអំពីជីវប្រវត្តិរបស់ព្យាការី មូហាំម៉ាត់ និងអរិយធម៌ឥស្លាម ព្រមទាំងព្រឹត្តិការណ៍ជាច្រើនទៀត រួមមាន កិច្ចពិភាក្សា សិក្ខាសាលា វគ្គបណ្តុះបណ្តាល សន្និសីទ និងវេទិកាផ្សេងៗដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត។

សារមន្ទីរនេះនឹងត្រូវគ្របដណ្តប់លើផ្ទៃដី ជាង១០ហិកតា នៅសង្កាត់ Pioppo ក្នុងទីក្រុងហ្សាកាតា ដែលមានទាំងសាលសន្និសីទ និងភោជនីយដ្ឋាន ដែលលក់ម្ហូបអាហាហាឡាលផងដែរ៕