សម្តេចក្រឡាហោម ស ខេង គាំទ្រការស្នើសុំរបស់រដ្ឋមន្រ្តីសាធារណការ ក្នុងការបង្កើតស្ព័តវីដេអូ អប់រំច្បាប់ចរាចរណ៍ដល់ពលរដ្ឋខ្មែរ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសគាំទ្រលើសំណើរបង្កើតឱ្យ មានជាស្ព័តវីដេអូខ្លីៗ ពាក់ព័ន្ធនឹងការអប់រំ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ យុវជន និងសាធារណៈជនទូទាំង, ខណៈបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានឆក់យកជីវិតរបស់មនុស្សពី ៥.៥នាក់ ក្នុងមួយថ្ងៃ។

ការប្រកាសគាំទ្រចំពោះសំណើរនេះរបស់សម្តេចក្រឡាហោម បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអគ្គស្នងការនគរបាលជាតិ ស្នងការ-ស្នងការរងរាជធានីភ្នំពេញ និងស្នងការតាមបណ្តាខេត្ត រួមទាំងអស់អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

សម្តេចក្រឡាហោម ស ខេង បានប្រកាសគាំទ្រយ៉ាងដូច្នេះថា៖ «មិញនេះឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងពីការធ្វើស្ព័តខ្លីៗ ពីការអប់រំច្បាប់ចរាចរណ៍ ខ្ញុំឯកភាព ហើយហ្នឹងប្រហែល ជាសមាសភាពនៅក្នុងគណៈកម្មាធិការ អាហ្នឹងក៏ចូលក្នុងផែនការសកម្មភាពការងារដែល […] ធ្វើស្ព័ត ហើយអ្នកណាអ្នកធ្វើ ត្រូវដាក់អ្នកទទួលខុសត្រូវធ្វើតែម្តង»។

ក៏ប៉ុន្តែ បើតាមការបញ្ជាក់បន្ថែមរបស់សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ដូច្នេះ សមាសភាពដែលមាននៅ ក្នុងគណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដែលមានសមាជិកមកពីបណ្តា ក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាគិតចំពោះការបង្កើតឱ្យមានស្ព័តជាវីដេអូខ្លីៗ ដើម្បីបញ្ជៀបការយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

សម្រាប់ការឯកភាពឱ្យបង្កើតស្ព័តវីដេអូខ្លីៗនេះ របស់សម្តេចក្រឡាហោម ស ខេង គឺជាការស្នើសុំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយការបង្កើតស្ព័តវីដេអូនេះ អាចនឹងត្រូវជ្រើសរើសយកតារ៉ា ហូលីវូដ ល្បីៗ ក្នុងការថតជាវីដេអូ ដែលអាចផ្តល់ការចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋ ឱ្យទស្សនានូវស្ព័តវីដេអូ អប់រំគ្រោះថ្នាក់ចរាចរណ៍ និងការគោរពច្បាប់។

បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឱ្យអ្នកស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន ៥៥៨នាក់។ មូលហេតុការបើកបរលើសល្បឿនកំណត់ ៤១ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១០ភាគរយ វ៉ាជែង ១១ភាគរយ បត់៧ភាគរយ កត្តាយានយន្ត ៣ភាគរយ។

បើប្រៀបធៀបខែធ្នូ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន ១៣លើក (៤៥៨/៣៧០លើក) ស្មើ ៣ភាគរយ ស្លាប់កើនចំនួន ២០នាក់ (២០៦/១៨៧លើក) ស្មើ១១ភាគរយ និងរបួសកើន ៥៨នាក់ (៥៥៨/៥០០នាក់) ស្មើ ១២ភាគរយ។ របាយការណ៍ដដែល បានឱ្យដឹងដែលថា បើប្រៀបធៀបខែមករា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន២៧លើក (៣៥៨/៣៣១លើក) ស្មើ ៨ភាគរយ។

ប្រៀបធៀបខែមករា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ២៧ លើក ស្មើ៨ភាគរយ ស្លាប់កើនចំនួន ៥៨ នាក់ ស្មើ៣៩ភាគរយ និងរបួសកើន ៤១នាក់ ស្មើ៨ ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ចំនួន ២០៦នាក់ ក្នុងនោះមានអ្នកស្លាប់នៅពេលយប់ ១៣០នាក់ ស្មើ៦៣ភាគរយ។ ភាគច្រើនអ្នកជិះម៉ូតូមានចំនួន ១៥៩នាក់ ស្មើ៧៧ ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន ១២០ នាក់ ស្មើ៧៥ភាគរយ៕