ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក និង អង្គការសុខភាពពិភពលោកអំពាវនាវឲ្យមានការទទួលខុសត្រូវ និង កិច្ចសម្របសម្រួលម៉ាឌ្រីដ, អេស្ប៉ាញ និង ហ្សឺណែវ, ស្វ៊ីស, ថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២០ ខណៈដែលការរីករាលដាលនៃជម្ងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន។
អង្គការសុខភាពពិភពលោក និង អង្គការទេសចរណ៍ពិភពលោកប្តេជ្ញារួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍និងធ្វើដំណើរ ទៅនឹងវិបត្តិខូវីឌ-១៩ នេះ។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃខូវីឌ -១៩ ជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។
អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន។ អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានា យ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។
កិច្ចសហប្រតិបត្តិការ ជា គន្លឹះវិស័យទេសចរណ៍មានការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋ ជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិ មានតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការធានាឲ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ជម្ងឺខូវីឌ-១៩ ប្រកបដោយប្រសិទ្ធភាព។
អង្គការទេសចរណ៍ពិភពលោក និង អង្គការសុខភាពពិភពលោកកំពុងសហការប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូរផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយឲ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និង ពាណិជ្ចកម្មអន្តរជាតិ។
ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឲ្យមានការថ្លឹងថ្លែង សមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និង ផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅរបស់អង្គការសុខភាពពិភពលោក។
អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្រប់សហគមន៍ទាំងអស់ និង ប្រទេសទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្នសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និង កាន់តែរឹងមាំ។ ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណាដែលឃ្លាតឆ្ងាយពីស្មារតីខាងលើ អាចបណ្តាលឲ្យមានការរំខានមិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិរួមមានផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ផងដែរ។
ស្ថិតក្នុងដំណាក់កាលប្រឈមនេះ អង្គការសុខភាពពិភពលោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់រក្សាសាមគ្គីភាពជាមួយប្រទេសរងផលប៉ះពាល់នានា៕