រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តម Pablo Chiho Kang បានសំដែងការអបអរសាទរចំពោះការស្វាគមន៍សម្រាប់ជំនួបលើកទី១របស់ឯកឧត្តម ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះមានការគ្រប់គ្រងវិស័យបរិស្ថានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ទុកថា ប្រទេសអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងបានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះការអភិវឌ្ឍធនធានមនុស្សជាផ្នែកមួយសំខាន់នៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីគោលបំណងសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យបរិស្ថាន ជាមួយប្រទេសអូស្រ្តាលី ក្នុងនោះកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលកកើតឡើងវិញ ការបណ្តុះបណ្តាលមន្រ្តីរដ្ឋបាលនៅថ្នាក់ក្រោមជាតិលើការអភិវឌ្ឍ និងគ្រប់គ្រងទីក្រុងនិរន្តរភាព និងការបណ្តុះបណ្តាលពង្រឹងធនធានមនុស្សតាមរយៈអាហារូបករណ៍សម្រាប់ការសិក្សានៅប្រទេសអូស្រ្តាលី៕