ទេសរដ្ឋមន្ត្រី មាស សុភា៖ វេទិការសាធារណៈ ចង់ស្វែងយល់អំពីទុក្ខកង្វល់ និងសំណូមពរជាច្រើនរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ


(ព្រះវិហារ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយដ្ឋានខេត្តព្រះវិហារ បានថ្លែងថា វេទិការសាធារណៈដែលបានធ្វើឡើងក្នុងថ្ងៃនេះ គឺចង់ស្វែងយល់អំពី ទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅលើច្រើនបញ្ហា ដែលពាក់ព័ន្ធទៅនិងជីវភាពរស់ផ្ទាល់ជាប្រចាំថ្ងៃ ពាក់ព័ន្ធនិងប្រជាពលរដ្ឋទទួលបាន ឫមិនបាន ចំពោះសេវាសាធារណៈ និងបញ្ហាមួយចំនួនទៀត ដែលជាគោលនយោបាយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ ប្រធានមន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរស្រុកត្បែងមានជ័យ មេឃុំ ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតក្នុងបរវេណវត្តបាក់កាំក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា ការធ្វើវេទិការសាធារណៈនេះ គឺចង់ស្តាប់មតិយោបល់ផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ។ មតិយោបល់របស់បងប្អូននេះហើយ ជាឱកាសសម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ធ្វើការបកស្រាយ ធ្វើការបំភ្លឺទៅលើបញ្ហាមួយចំនួន ជាចម្ងល់របស់ពុកម៉ែបងប្អូន។ ម្យ៉ាងវិញទៀតច្បាស់ជាមានការលើកឡើងសំណូមពរ ដូចជា បញ្ហាកង្វះខាតមួយចំនួន ពាក់ព័ន្ធនិងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬក៏សំណូមពរតម្រូវការមួយចំនួននៅក្នុងភូមិ-ឃុំរបស់ពុកម៉ែបងប្អូន។

តាមរយៈវេទិការនេះ នឹងធ្វើការដោះស្រាយសំណូមពរ ហើយការដោះស្រាយនេះ គឺចែកចេញជាកម្រិត នៃការដោះស្រាយ ដូចជា ការដោះស្រាយកម្រិតត្រឹមឃុំ ត្រឹមខេត្ត និងរហូតដល់ថ្នាក់ជាតិ ទៅតាមបញ្ហាធំឫតូច។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា បច្ចុប្បន្ននេះទូទាំងខេត្តព្រះវិហារ មានការអភិវឌ្ឍន៍រីកចម្រើនណាស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា «បញ្ហាទាំងអស់នេះ គឺផ្តើមមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាច្រើនអាណត្តិមកហើយ ហើយរាជរដ្ឋាភិបាលនេះ ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»

ឯកឧត្តមថា «មកដល់ពេលនេះប្រទេសជាតិ មានសន្តិភាពពេញលេញ ឫអាចនិយាយបានថាសន្តិភាពគ្របដណ្តប់ពេញប្រទេសកម្ពុជាក្រោមនយោបាយឈ្នះឈ្នះ គ្មានតំបន់អប្បគមន៍ គ្មានតំបន់បែងចែកទឹកដីដូចពីមុនទៀតទេ»

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលមានភាពក្លាហានហ៊ានបញ្ចេញមតិដោយត្រង់ ទាំងបញ្ហាប្រឈមនានា ក៏ដូចជាសំណូមពរមួយចំនួនផងដែរ។ តាមរយៈវេទិការសាធារណៈនៅថ្ងៃនេះ លោក នឹងទទួលយកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ យកទៅដោះស្រាយឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន៕