ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិ ន៖ ជប៉ុន បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្រោយបញ្ចប់សង្គ្រាមស៊ីវិល


កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសជប៉ុន ជាដៃគូយ៉ាងសំខាន់ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ តាំងពីក្រោយបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលក្នុងពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះអធិរាជនៃប្រទេសជប៉ុន ដែលរៀបចំឡើងដោយស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រី, ប្រតិភូអមនាយករដ្ឋមន្ត្រី មន្ត្រីក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត ប្រទេសជាមិត្តយ៉ាងច្រើនផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានវាយតម្លៃថា ក្នុងរយៈពេល៦៧ឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានការពង្រឹង និងពង្រីកទៅមុខឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ព្រមទាំងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងកម្រិតទ្វេរភាគី និងពហុភាគី ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី ការវិនិយោគ ទេសចរណ៍ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន បើទោះបីមានការប្រែប្រួលនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកយ៉ាងក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថាយ៉ាងដូច្នេះថា៖ «ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពនៅដើមឆ្នាំ១៩៩០ រហូតដល់កម្ពុជា មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញពីជំនួយអភិវឌ្ឍដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បានឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន លើការកសាងឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងអភិបាលកិច្ចល្អ ក៏ដូចជាការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការចូលរួម ដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនានា នៅកម្ពុជា ដែលបានចូលរួមចំណែកជំរុញឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រចាំឆ្នាំជាមធ្យម ៧.៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរំលឹកឡើងថា រជ្ជកាល Heisei មុនមានរយៈពេល៣១ឆ្នាំ។ ដែលរជ្ជកាលនេះ បានចាប់ផ្តើមក្នុងអំឡុងពេលដែលប្រទេសជប៉ុន បានចូលរួមយ៉ាងសកម្មក្នុងដំណើរការស្វែងរកសសន្តិភាពរបស់កម្ពុជា ហើយបានបន្តការគាំទ្ររបស់ខ្លួនដល់ការសាង និងអភិវឌ្ឍកម្ពុជាឡើងវិញដផយផ្អែកលើលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា ក្នុងអំឡុងពេលនោះ ចំណងមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានពង្រឹង មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុន បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងសករាជថ្មីនៃ Reiwa ដោយយកចិត្តទុកដាក់ និងកិច្ចសហការដែលត្រូវបានបង្កើតឡើងក្នុងសករាជ Heisei ធ្វើជាមូលដ្ឋាន៕