អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យស្ថាប័នទាំងអស់ ចូលរួមសហការជាមួយអ្នកសារព័ត៌មាន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ


(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យមន្ទីរអង្គភាព និងស្ថាប័នទាំងអស់នៅក្នុងខេត្ត ត្រូវចូលរួមសហការជាមួយអ្នកសារព័ត៌មាន ហើយមិនត្រូវទុកអ្នកសារព័ត៌មាន ជាសត្រូវ ត្រូវចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូអភិវឌ្ឍន៍ដោយមិនអាចខ្វះបាន ព្រមទាំងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

នេះជាការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ នៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលកំពុងតែបំរើវិស័យព័ត៌មានក្នុងខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរស្ថាប័ន ជុំវិញខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តមបន្តថា «សកម្មភាពទាំងឡាយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីត្រូវសហការ យ៉ាងស្អិតរមួតជាមួយអ្នកសារព័ត៌មាន ដោយបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលបានខិតខំបំពេញតួនាទី ជាអ្នកផ្សព្វផ្សាយ ការអភិវឌ្ឍន៏ និងការរីកចំរើនរបស់ខេត្តកំពង់ធំ»

ក្នុងនោះឯកឧត្តម សុខ លូ បានផ្តល់ឱកាស ដល់អ្នកសារព័ត៌មាន លើកឡើងនូវបញ្ហាផ្សេងៗដើម្បីពិភាក្សា និងដោះស្រាយ។ អភិបាលខេត្ត បានផ្តល់ភាពអនុគ្រោះ និងជួយសម្រួលដល់អ្នកសារ ព័ត៌មាន ក្នុងការនាំយកឯកសារផ្សេងៗ មកចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្តដោយកន្លងមក អ្នកសារព័ត៌មាន ត្រូវយកកាតសម្គាល់ខ្លួន និងលិខិតបេសកកម្ម រួមទាំងអាជ្ញាប័ណ្ណក្រសួង និងមានលិខិតបញ្ជាក់ពីអភិបាលខេត្ត មកដាក់នៅមន្ទីរព័ត៌មានខេត្តទើបបានទទួលស្គាល់។

ឯកឧត្តមថា «ចំណុចនេះធ្វើឲ្យអ្នកសារព័ត៌មានជួបផលពិបាក ដោយសារតែស្ថាប័នអង្គភាពធំៗមួយចំនួនបានផ្តល់តែប័ណ្ណសារព័ត៌មាន និងលិខិតឧទ្ទេសនាមតែប៉ុណ្ណោះ មិនអាចផ្តល់លិខិតបេសកកម្ម និងអាជ្ញាប័ណ្ណឲ្យភ្នាក់ងាររបស់ខ្លួនដែលកំពុងអនុវត្តតួនាទីប្រចាំខេត្តនីមួយៗបាននោះទេ ទើបតែពេលនេះ ខ្ញុំមានកាយោគយល់ដល់អ្នកសារព័ត៌មាន តម្រូវឲ្យយកតែប័ណ្ណព័ត៌មានមកចុះបញ្ជីនៅ មន្ទីរព័ត៌មានតែប៉ុណ្ណោះ»

ចុងក្រោយឯកឧត្តម សុខ លូ បានកោតសរសើរអ្នកសារព័ត៌មាន និងមន្ទីរអង្គភាពគ្រប់ស្ថាប័ន ដែលបានសហការគ្នា ប្រកបដោយរលូន ក្នុងការផ្តល់ព័ត៌មាន ដើម្បីធ្វើការចុះផ្សាយ ពីការអភិវឌ្ឍន៏ នៅក្នុងភូមិឃុំមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះ អភិបាលខេត្តបានផ្តាំផ្ញើដល់អ្នកព័ត៌មាន និងមន្ទីរស្ថាប័ន ទាំងអស់បន្តសហការឲ្យបានល្អប្រសើរ ធ្វើការប្រកបដោយវិជ្ជាជីវៈ អ្នកសារព័ត៌មាន ក្នុងនាមជា អ្នកសារព័ត៌មាន មិនត្រូវតាំងខ្លួនជា តុលាការ ជាសមត្ថកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដែលជាពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក៕